នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតខ្មែរជាង២០០នាក់ ដែលសិក្សានៅក្រុងណាននីង ខេត្តក្វាស៊ីង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ថា ការដាក់ឱ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃនេះគឺដោយសារបញ្ហាសុខភាព។
សម្តេចតេជោសង្កត់ធ្ងន់ថា ការនៅក្រៅឃុំរបស់ពិរុទ្ធជន កឹម សុខា គឺស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុក ដាក់ពីសំណាក់តុលាការ។
លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីលិខិតរបស់លោក កឹម សុខា ស្នើសុំការជួយអន្តរាគមន៍ពីស្ថាប័នក្រសួងមហាផ្ទៃ ក្នុងជួយការពារសុខសុវត្តិភាពចំពោះរូបលោក កឹម សុខា បើទោះបីស្ថិតក្នុងមន្ទីរឃុំឃាំង ឬចេញនៅក្រៅឃុំ ក៏ដោយ។
សម្តេចកំពុងតែចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន នៅក្នុងទីក្រុងណាននីង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារតែបញ្ហាសុខភាព។