header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ បុរសម្នាក់ បានរងរបួសយ៉ាងធ្ងន់ ត្រង់ក្បាល និងផ្ទៃមុខ ដោយរងនូវការកាប់ប្រហារនឹងកាំបិតបុ័ងតោ ប៉ុនប៉ងមនុស្សឃាតពីសំណាក់ជនដៃដល់ម្នាក់ ដែលគេដឹងថា ជាមន្ត្រីយោធាវ័យក្មេង នៅបន្ទាយ អា សេ អូ (ACO)។

បើតាមសេចក្តីរាយការណ៍ បានប្រាប់ឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំក្បែរមាត់ប្រឡាយទឹកអូរវែង ស្របផ្លូវជាតិលេខ៤ ត្រង់គីឡូលេខ៥៤-៥៥ ក្នុងភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅគ្រាដែលជនរងគ្រោះកំពុងតែញ៉ាំអីជុំគ្នា ជាមួយមិត្តភត្តិ។

សេចក្តីរាយការណ៍ បាន​បញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ ឈ្មោះ យឹម ដាណា អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង បានរងរបួសរយះត្រង់ក្បាលផ្នែកខាងក្រោយ ជាំលើផ្ទៃមុខ និងកផងដែរ។

ចំណែកជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ម៉ន វិនឌី អាយុជិត៣០ឆ្នាំ មុខរបរជាយោធា ពាក់ស័ក្តិ​១ នៅបន្ទាយ អា សេ អូ (A C O) រស់នៅភូមិកាហែង ឃុំតាហែង ស្រុកសំរោងទង ហើយនិងត្រូវចេញទៅប្រទេសវៀតណានៅថ្ងៃទី២៤ នេះ។ ក្រោយធ្វើសកម្មភាពជននេះ បានគេចខ្លួនមកភ្នំពេញ។ ហើយជនរងគ្រោះ និងជនដៃដល់ មិនដែលមានទំនាស់អ្វី​នឹងគ្នានោះទេ។

បើតាមការអះអាងពីសាច់ញាតិជនរងគ្រោះ ក៏ដូចជាសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមនឹងមិត្តភក្តិ៤ទៅ៥នាក់ បានមកអង្គុយញ៉ាំអីនៅកន្លែងលក់ដូរជិតមាត់ទឹក កន្លែងលក់ប្រងសាំង ស្របផ្លូវលំ ក្នុងភូមិកើតហេតុខាងលើ។ ពេលកំពុងតែអង្គុយញ៉ាំអីធម្មតានោះ ក៏ស្រាប់តែ ឈ្មោះ ម៉ន វិនឌី ដែលជាជនដៃដល់នោះ បានបើកម៉ូតូអាសង់ឌ្រីមយ៉ាងលឿន ហៀបនឹងប៉ះពួកគាត់កំពុងតែអង្គុយញ៉ាំ។ ពេលនោះមិត្តភក្តិជនរងគ្រោះម្នាក់ឈ្មោះ រ៉ា ក៏បាននិយាយភ្លាមៗទៅកាន់ឈ្មោះ ម៉ន វិនឌី នោះថា" អូនឯងជិះម៉ូតូលឿនមេស ប្រយ័ត្នប៉ះគេ ផ្លូវចង្អៀតផង " ហើយឈ្មោះ ម៉ន វិនឌី ក៏ជិះហួសបាត់ទៅ  ហើយពួកខ្លួនក៏នៅអង្គុយញ៉ាំជុំគ្នាធម្មតាបន្តទៀត។

សាច់ញាតិជនរងគ្រោះ និងងសាក្សីបញ្ជាក់ទៀតថា នៅគ្រាដែលពួកគេអង្គុយញ៉ាំបន្តបានប្រហែលមួយសន្ទុះធំ ក៏ស្រាប់តែឃើញ ឈ្មោះ ម៉ន វិនឌី ត្រឡប់មកវិញ ជាមួយនឹងបក្ខពួកមួយក្រុមជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំបិត ពូថៅ និងដំបង មកឈប់ម៉ូតូហើយស្ទុះកាប់លើក្រុមជនរងគ្រោះ។ តែមិត្តភក្តិជនរងគ្រោះបានក្រឡេកឃើញទាន់ ក៏ស្ទុះរត់គេខ្លួន នៅសល់តែជនរងគ្រោះ រត់មិនទាន់ ក៏ត្រូវឈ្មោះ ម៉ន វិនឌី លើកកាំបិតបុ័ងតោកាប់ត្រូវចំក្បាលផ្នែកខាងក្រោយរយះ និងវាយដំឡើងពោរមុខ ហូរឈាមស្រោចខ្លួន រួចហើយឈ្មោះ ម៉ន វិនឌី ហៅបក្ខពួកគេចខ្លួនអស់ទៅ។ ចំណែកជនរងគ្រោះ ត្រូវសាច់ញាតិ និងអ្នកភូមិ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្លាមៗផងដែរ។

សាក្សីជាច្រើននិយាយទៀតថា ជនដៃដល់ត្រូវបានគេស្គាល់យ៉ាងច្បាស់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ចាប់ជនដៃដល់នោះដែរ តែប៉ូលិសមូលដ្ឋានមិនហ៊ានចុះចាប់ជនដៃដល់ទេ ដោយអះអាងថា" ចាប់ខ្លាចច្រឡំ" ធ្វើឱ្យជនដៃដល់គេចខ្លួនទៅផ្ទះរបស់វានៅភ្នំពេញបាត់ ។ ហើយនៅគ្រានោះប៉ូលិសប្រាប់អ្នកភូមិថា ឈ្មោះ ម៉ន វិនឌី ជាមុខសញ្ញា តែសមត្ថកិច្ចមិនប្រាប់ថា ជាមុខសញ្ញាអ្វីទេ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋានប្តឹងជនដៃដល់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា និងសុំឱ្យសមត្ថកិច្ច ចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post