
ប្រទេសកម្ពុជា នៅតែត្រូវការជំនួយដ៏ស្មោះសរពីសហគមអន្តរជាតិ សម្រាប់គាំទ្រដល់ដំណើរការបោះឆ្នោតបន្តទៀត។ នេះជាការថ្លែងរបស់ សម្តេចក្រឡាហោម ស ខេង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅខេត្តកំពត កាលពីថ្ងៃទី២២ កញ្ញា កន្លងទៅ។

សម្ដេចក្រឡាហោម ស ខេង ទទួលស្គាល់ថា៖ ការបោះឆ្នោតនៅកម្ពុជា នឹងមិនអាចប្រព្រឹត្តទៅបានល្អទេ បើសិនជាមិនមានជំនួយ និងការជួយគាំទ្រពីសហគមអន្តរជាតិ ។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា យើងខ្ញុំនៅតែត្រូវការនូវការគាំទ្រខាងបច្ចេកទេស និងហិរញ្ញវត្ថុ មធ្យោបាយ សម្ភារ ប្រកបដោយភាពស្មោះសរ ពីសហគមអន្តរជាតិ និងប្រទេសជាមិត្តភក្តិ សម្រាប់ដំណើរការបោះឆ្នោតអាណត្តិក្រោយៗទៀត។ ជំនួយបរទេសកន្លងមក បានជួយដល់ដំណើការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសង្គមកម្ពុជា។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះបានថ្លែងនៅចំពោះមុខមន្ត្រីរៀបចំការបោះឆ្នោត និងសមាជិក-សមាជិកាបក្សទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន នៃការបោះឆ្នោតនៅកម្ពុជា។

ចំណុចអវិជ្ជមាន គឺសកម្មភាពនៃការរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត តាមរយៈពាក្យសម្តី និងការធ្វើយុទ្ធនាការម្រាមដៃស្អាត របស់អតីតគណបក្សប្រឆាំង។ ចំណែកចំណុចវិជ្ជមានវិញ គឺកម្ពុជា បានរៀបចំការបោះឆ្នោតប្រកបដោយភាពជោគជ័យ ស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដែលមានប្រជាពលរដ្ឋបោះឆ្នោតជិត៨៣ភាគរយ បានទៅបោះឆ្នោត។

គួរំលឹកថាសម្រាប់ការបោះឆ្នោតកន្លងមក ប្រទេសជប៉ុនបានផ្ដល់ជំនួយបច្ចេកទេស និងអ្នកជំនាញរៀបចំការបោះឆ្នោត ជំនួយហិបឆ្នោតជាច្រើន ដែលមានទឹកប្រាក់ជាង៧លានដុល្លារអាមេរិក ចំណែកឯ ចិនបានផ្ដល់សម្ភារបច្ចេកទេសការិយាល័យចំនួន៣០មុខដល់ គ.ជ.ប ដែលមានទឹកប្រាក់ប្រមាណ២០ដុល្លារអាមេរិក។ ដោយឡែក សហភាពអឺរ៉ុប និងអាមេរិក ប្រកាសឈប់ផ្ដល់ជំនួយ ក្រោមហេតុផលថារដ្ឋាភិបាលកម្ពុជា បានរំលោភសិទ្ធិមនុស្ស និងគាបសង្កត់គណបក្សប្រឆាំង ដែលនាំឱ្យការបោះឆ្នោតមិនបង្ហាញតាមឆន្ទៈប្រជាពលរដ្ឋ។