ព្រះសីហនុៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន ដែលកំពុងដើរឆ្លងផ្លូវបានសម្រេច ប៉ុន្តែពួកគេស៊យធំមិនអាចរត់គេចខ្លួនបានឡើយ។ ហេតុការណ៍នេះ កើងឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចកែងភ្លើងស្តុបអូរ១ ស្ថិតនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិចិន ដែលកំពុងដើរឆ្លងផ្លូវ រួចជិះរត់គេចខ្លួន។ ភ្លាមនោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់១ បានដេញប្រផាត់ចាប់ប្រភីង ស្ទាក់ចាប់បានជនសង្ស័យ នៅមុខរោងចក្រស្រាបៀអង្គរ។
បើតាមសមត្ថកិច្ច ជនរងគ្រោះជាជនជាតិចិន ភេទស្រី មិនទាន់មកដាក់ពាក្យបណ្តឹងឡើយ ប៉ុន្តែបាត់បង់កាបូបស្ពាយចំហៀងចំនួន១ ពណ៌ទឹកប្រាក់ និងទូរស័ព្ទដៃ១គ្រឿងម៉ាក VIVO ពណ៌ខ្មៅ។ ចំណែកជនសង្ស័យទាំង២ រួមមាន ១-ឈ្មោះ ចាប បញ្ញា ហៅ ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និង២-ឈ្មោះ ញេប រ៉ាវ័ន្ត ហៅ ពុយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ក្រៅពីឃាត់ខ្លួនជនសង្ស័យ និងដកហូតកាបូបជនរងគ្រោះ សមត្ថកិច្ចក៏បានដកហូតម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១D-១៥១៩ ជាមធ្យោបាយធ្វើសកម្មភាព។ ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕