header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថៅកែប្រុសសិប្បកម្មផលិតនំ យីហោ ឡាយ គាងហ៊ួរ ត្រូវគេសង្ស័យបានប្រើអំពើហិង្សាយ៉ាងគម្រក់មិនអាចទទួលយកបាន គឺលើដៃដ៏មានកម្លាំងទះកំផ្លៀងលើក្មេងស្រីដ៏ទន់ខ្សោយម្នាក់ ដែលជាកម្មកររបស់ខ្លួន ធ្វើឲ្យបុគ្គលិក និងកម្មករដទៃផ្សេងទៀត ទើសភ្នែកអត់ទ្រាំនឹងទង្វើអមនុស្សធម៌មិនបាន ក៏ផ្ទុះការតវ៉ា បង្កជាការភ្ញាក់ផ្អើលទាំងយប់។ ជាពិសេស នៅពេលដែលប្រព័ន្ធផ្សាយចែកចាយព័ត៌មានទៅកាន់មហាជន ជុំវិញអំពើហិង្សាមួយនេះ បានជ្រាបដល់ក្មួយស្រីសម្តេចតេជោ ហ៊ុន សែន គឺលោកស្រី ហ៊ុន ចាន់ថុល បានចេញមុខជួយអន្តរាគមន៍ជួយក្មេងស្រីរងគ្រោះទាំងយប់ រួមជាមួយកម្មករប្រុសស្រីដទៃទៀត ដោយទឹកចិត្តអាណិតអាសូរបំផុត។

សូមបញ្ជាក់ថា ក្មេងស្រីប្រុសចំនួន១៥នាក់ ដែលជាកម្មកររបស់សិប្បកម្មផលិតនំយីហោ ឡាយ គាងហ៊ួរ ដែលមានទីតាំងនៅផ្លូវបេតុង ភូមិជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ក្រោយពេលថៅកែប្រុស បានប្រើហិង្សាទះកំផ្លៀងលើក្មេងស្រី ដែលជាកម្មកររបស់ខ្លួន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។ ក្រោយពេលថៅកែប្រុស បានទះកំផ្លៀងលើក្មេងស្រី និងស្តីបន្ទោសឲ្យកម្មករទាំងកណ្តាលយប់ ករណីនេះបានបង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មានចុះទៅផ្តិតរូប និង ផ្សាយផ្ទាល់ (Live) ផ្អើលដល់លោកស្រី ហ៊ុន ចាន់ថុល បានឲ្យក្រុមការងារចុះទៅរំដោះយកកម្មករប្រុសស្រីចំនួន១៥នាក់ មកស្នាក់នៅផ្ទះសំណាក់បណ្តោះអាសន្នមួយយប់ នៅឯខណ្ឌចំការមន។

លុះនៅវេលាម៉ោង២រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្មេងៗកម្មករប្រុសស្រីទាំង១៥នាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ប្តឹងលោកថៅកែប្រុស ឈ្មោះ ធួក គួង ភេទប្រុស អាយុ៥៥ឆ្នាំ ពីបទប្រើហិង្សា ហើយលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ បានទទួលពាក្យបណ្តឹងពីកម្មកររួចរាល់ផងដែរ។

ក្រោយពេលដាក់ពាក្យបណ្តឹងចប់សព្វគ្រប់ហើយ លោកស្រី ហ៊ុន ចាន់ថុល ដែលត្រូវជាក្មួយស្រីបង្កើតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានចិត្តសប្បុរសធម៌ជួយដល់ក្មេងប្រុសស្រីទាំង១៥នាក់ ដោយផ្តល់ថវិកាក្នុងម្នាក់ៗ១០ម៉ឺនរៀល និងឲ្យក្រុមការងារដឹកជញ្ជូនក្មេងៗទាំងនោះ ត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post