
បន្ទាយមានជ័យ: ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងៗច្រើននាក់ បានដួលផ្គាប់មុខស្លាប់យ៉ាងអាណោចអាធ័ម ខណ:ព្យាយាមរត់មកផ្ទះគ្រា ដែលត្រូវពស់ចឹកពេលកំពុងនាំគ្នាឆ្លុះកង្កែប ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ៩និង១០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែក្បែរភូមិឱម៉ាល់ចាស់ (អតីតភូមិបត់ត្រង់) ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

មន្រីនគរបាលមូលដ្ឋានបាននិយាយថា ក្មេងៗទាំងនោះ រួមទាំងក្មេងរងគ្រោះ តែងតែចេញទៅវាលស្រែក្បែរភូមិជារៀងរាល់យប់ ដើម្បីឆ្លុះសត្វយកមកធ្វើម្ហូប តែអត់ដែលមានក្មេងណាម្នាក់រងគ្រោះនោះទេ ហើយជាទូទៅ ពួកក្មេងៗតែងតែបានមកវិញនូវសត្វកង្កែប កណ្តូប ហើយពេលខ្លះ ក៏វាយបានពស់មកផងដែរ ។ តែជាអកុល នៅយប់កើតហេតុ ក្មេងប្រុសរងគ្រោះ និងបក្ខពួក ទំនងជាកំពុងខ្វារក្នុងរន្ធកង្កែបហើយឆ្ងោកមើល ទើបបណ្តាលឲ្យពស់ចឹកចំភ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់បែបនេះ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងដែលរងគ្រោះ ឈ្មោះ ឈួត ក្ដៀប អាយុ១៥ឆ្នាំ ត្រូវពស់ចឹក និងដេកស្លាប់នៅក្រោមផ្ទះ របស់ឈ្មោះទួន ឈួន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិជាមួយគ្នា ដែលស្ថិតនៅចុងភូមិ ។ ការដែលជនរងគ្រោះស្លាប់នៅក្រោមផ្ទះឈ្មោះឈួន នេះ គឺព្រោះតែព្យាយាមរត់មកផ្ទះខ្លូនឯង ដើម្បីឲ្យឪពុកម្តាយជួយ ។
បច្ចុប្បន្នសពកំពុងធ្វើបុណ្យនៅគេហដ្ឋាននៃសព៕
