ភ្នំពេញៈ ក្នុងឱកាសចូលកាន់តំណែង ជាស្នងការ នគរបាលរាជធានីភ្នំពេញថ្មី លោក ស ថេត បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពនូវបញ្ជានានា ពីថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
មុនពេល លោក ស ថេត ឡើងមកកាន់តំណែងជាស្នងការនគររាជធានីភ្នំពេញ លោកជាស្នងការខេត្តបាត់ដំបង បន្ទាប់មក ក៏បានផ្ទេរមកអគ្គស្នងការរងនគរបាលជាតិ ។
លោក ស ថេត បានថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ថា “ខ្ញុំសូមប្ដេជ្ញាចិត្តអនុវត្តន៍យ៉ាងស្មោះត្រង់ បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ ចំពោះរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងអនុវត្តន៍តាមកម្មវិធីនយោបាយចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ និងដោយសច្ចធម៌ ចំពោះមុខច្បាប់ និងបទប្បញ្ញត្តិផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យកអស់កម្លាំងកាយចិត្ត គំនិតប្រាជ្ញា ដើម្បីបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ រក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ឲ្យបានល្អប្រសើរ” ។
លោកបន្តថា ដើម្បីសម្រេចបានការងារថ្មីៗ ត្រូវមានការចាំបាច់សហប្រតិបត្តិការពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាមួយស្ថាប័នពាក់ព័ន្ធនានា ដែលមានកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ-អន្តរជាតិ ក្នុងការសំដៅឆ្លុះបញ្ចាំងអំពីចំណុចអវិជ្ជមានមួយចំនួន ដើម្បីធានាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ផងដែរ ។
ស្នងការរាជធានីភ្នំពេញថ្មី បានបញ្ជាក់ថា កត្តាដែលនាំឲ្យរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់បានល្អ គឺជាជោគជ័យនៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ និងការអនុវត្តទិសដៅ ដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញ ។
ក្នុងឱកាសនោះដែរ អតីតស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានថ្លែងអំពីសមិទ្ធផល ដែលលោកបានសាងឡើង ក្នុងអាណត្តិរបស់លោក ធ្វើជាស្នងការ រាជធានីភ្នំពេញកន្លងទៅផងដែរ ៕