(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សាកសពបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញនៅក្បែររបងវិទ្យាល័យជីភូ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ចទាំងព្រឹក។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការសន្និដ្ឋានជំហ៊ានដំបូងសពជនរងគ្រោះមានសប្បុរសហើយសពត្រូវបានក្រុមជនល្មើសសម្លាប់នៅកន្លែងផ្សេង ហើយបានច្រកសពក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅដឹកសាកសពតាមរថយន្តមកពីទិសខាងកើតមកទម្លាក់ផ្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ ជិតប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ។
ប្រភពដដែលបានបន្តទៀតថា បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងប្រមាណជា៤ទៀបភ្លឺគេឃើញមានរថយន្តតូចមួយគ្រឿងបើកមកពីទិសខាងកើតលុះមកដល់ចំណុចខាងលើបានឈប់មួយសន្ទុះក៏បានបត់រថយន្តត្រឡប់ទៅទិសខាងកើតវិញ ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទេ លុះម៉ោង៦ និង០០នាទីព្រឹកអ្នកលក់នំបានប្រទះឃើញសពទើបឆោឡោ និងប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញមកពិនិត្យមកដល់ធ្វើកោសលវិច្ច័យមិនទាន់ស្គាល់អត្តសញ្ញាណទេ ហើយសន្និដ្ឋានថា ជាករណីឃាតកម្មដោយសភាពសពមាន បែកមាត់ បែកក្បាល និងស្នាមវ៉ៃចំក្បាលពីក្រោយ ហើយសមត្ថកិច្ចបានបញ្ជាក់ថា ពិតជាករណីឃាតកម្មពិតមែន សាកសពត្រូវសមត្ថកិច្ចយកសពមកតម្កល់ទុកនៅវត្តជិតកន្លែងកើតហេតុ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខឃាត់ករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។