header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ ចាត់មន្ត្រីចុះត្រួតពិនិត្យជាប្រចាំរាល់សំណង់ផ្សេងៗ ដែលកំពុងសាងសង់ពិសេសសំណង់ខុសច្បាប់ ឬសំណង់ដែលសង់ខុសកិច្ចសន្យា និងគ្មានគុណភាព ការសង់រោងបុណ្យ, រោងការបិទផ្លូវ ដើម្បីជំរុញឲ្យពួកគាត់គោរពច្បាប់ និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចំនួនរាប់សិបនាក់។

​លោកអភិបាល ក៏បានរំលឹកផងដែរ ទៅលើការណែនាំចំពោះរថយន្តបាញ់បេតុងដែលចត.ឈប់ធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍តាមដងផ្លូវ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានជូនដំណឹងរួចមកហើយ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យផងដែរ ចំពោះការសង់រោងបុណ្យ, រោងការ ដោយមិនត្រូវឲ្យបិទផ្លូវទាំងស្រុង ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងស្ទះចរាចរណ៍ដែលប្រជាពលរដ្ឋតែងបង្ហាញការថ្នាំងថ្នាក់នាពេលកន្លងមក។ ម្ចាស់រោងបុណ្យ ឬរោងការគួរកទីតាំង សមស្របដែលមិនប៉ះពាល់ផ្លូវសាធារណៈដូចជា ទីអារាម ឬតាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ។

លោក ឃួង ស្រេង បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងស្ថាបន័ពាក់ពន្ធ័ឲ្យបង្កើនប្រសិទ្ធភាពការងារទ្វេដងថែមទៀត លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យសក្ត័សមទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យយើង។

លោក ឃួង ស្រេង បានបន្តថា ការងារជាច្រើនកំពុងរងចាំយើងទៅធ្វើ ជាពិសេស ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងទីក្រុង ​ដោយផ្តោតទៅលើការអនុវត្តច្បាប់ចរាចរណ៍, បន្តឆែកឆេរអាវុធជាតិផ្ទុះ ត្រួតពិនិត្យកន្លែងសប្បាយភាព, ក្លិបកម្សាន្ត, ក្លិបរាត្រីផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីយើងមិនអាចលប់បំបាត់នៅចំពោះមុខ តែក៏អាចឈានទៅកាត់បន្ថយបទល្មើសគ្រឿងញៀនបានមួយកម្រិតដែរ។

ចំពោះការរៀបចំសណ្តាប់ធ្នាប់តាមដងវិថីសំខាន់ៗ ជាអទិភាពទាំង១១ខ្សែ ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ យើងអាចវាយតម្លៃបានថា យើងធ្វើបានល្អនិងកំពុងដើរលើផ្លូវ ត្រូវតាមសំណូមពររបស់ប្រជាពលរដ្ឋ។ ដូច្នេះការងារនេះយើងត្រូវបន្តទៅមុខទៀតឲ្យបានគ្រប់ផ្លូវ។ នៅប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្លូវព្រះមុនីរ៉េត ជុំវិញផ្សារដើមគរ និងផ្សារនាគមាស ដែលល្បីខាងបាត់សណ្តាប់ធ្នាប់ និងធ្វើឲ្យប៉ះពាល់បរិស្ថាន និងស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនោះ ដោយកំណត់រយៈពេល១០ថ្ងៃ ត្រូវតែឲ្យស្អាត ហើយត្រូវប្រគល់ទីតាំងខាងលើនេះ ឲ្យទៅអាជ្ញាធរខណ្ឌទួលគោក និងខណ្ឌចំការមនជាអ្នកគ្រប់គ្រង និងធានាថាមិនមានការដាក់លក់ទំនិញលើទ្រូងផ្លូវ ឬចតយានយន្ត បែបអនាធិបតេយ្យបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនោះបន្តទៀតឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post