អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសថៃៈ ជនជាតិខ្មែរម្នាក់ រួមជាមួយនឹងរថយន្តទំនើបមួយគ្រឿង ដែលមានបង្កប់ឈើគ្រញូង ប្រមាណជាង២០ដុំ ត្រូវបានកម្លាំងជំនាញថៃ ដែលឈរជើងនៅច្រកទ្វារអន្តរជាតិជាំស្រងាំ ក្នុងស្រុកកាបឈើង ខេត្តសុរិន្ទ ធ្វើការឃាត់ខ្លួន ដោយដកហូតវត្ថុតាង ព្រមទាំងបានបញ្ជូនទៅកាន់អង្គភាពជំនាញស្រុកកាបឈើង ដើម្បីសាកសួរតាមនីតិវិធី។

តាមរបាយការណ៍ថៃ បានបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិខ្មែរម្នាក់នេះ គឺបានធ្វើឡើងនៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់បរិវេណច្រកទ្វារអន្តរជាតិជាំស្រងាំ ស្ថិតក្នុងឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ។ ដោយបុរសម្នាក់ ដែលជាជនជាតិខ្មែរនោះមានឈ្មោះ អួន លីហ៊រ អាយុ២២ឆ្នាំ រស់នៅភូមិផ្អង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តមានជ័យ។

ការឃាត់ខ្លួននេះ គឺជនសង្ស័យបានបើកបររថយន្តមួយគ្រឿង ចូលទៅក្នុងទឹកដីថៃតាមច្រកអន្តរជាតិជាំស្រងាំ ចូលទៅក្នុងខេត្តសុរិន្ទ លុះពេលចេញមកវិញទើបកម្លាំងបានធ្វើការត្រួតពិនិត្យដោយរថយន្តនោះ ម៉ាក ឡិចស៊ីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2-AE 7608 គឺសមត្ថកិច្ចថៃ បានរកឃើញមានការលបបង្កប់ឈើគ្រញូង ចំនួន២៤ដុំ។

ក្រោយពេលរកឃើញវត្ថុតាងរួចមក កម្លាំងសមត្ថកិច្ចថៃប្រចាំច្រកច្រកទ្វារអន្តរជាតិជាំស្រងំ បានធ្វើការប្រគល់ទាំងមនុស្ស រួមនិងវត្ថុតាងទៅឲ្យខាងមេព្រៃស្រុកកាបឈើង ដើម្បីនាំយកទៅសាកសួរបន្ត ព្រមទាំងបាននាំយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្នផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor