ភ្នំពេញៈ លោក មាជ សុវណ្ណារ៉ា អតីតសកម្មជនល្បីមួយរូបរបស់អតីតបក្សប្រឆាំង បានសម្រេចសាងព្រះផ្នួសហើយ កាលពីពេលថ្ងៃទី១ ខែកញ្ញាកន្លងមកនេះ បន្ទាប់ពីទទួលបានការដោះលែងឲ្យមានសេរីភាពវិញ។
លោក មាជ សុវណ្ណារ៉ា បានធ្វើពិធីសាងផ្នួសនៅវត្តដំណាក់ ក្នុងទឹកដីខេត្តសៀមរាប ដែលគោលដៅសាងផ្នួសរបស់លោក គឺដើម្បីបិណ្ឌបាតបញ្ចប់ហិង្សានយោបាយ បញ្ជ្រាបមេត្តាធម៌ ដោយបញ្ឈប់នូវវប្បធម៌គំរាម សម្លាប់ ចាប់ដាក់គុក និងរត់ចោលស្រុកជាដើម។
ការសាងព្រះផ្នួសរបស់លោកអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ គេសង្កេតឃើញមានការចូលរួមពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មមិកោ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោកបណ្ឌិត ឡៅ ម៉ុងហៃ គ្រូរបស់លោក មាជ សុវណ្ណារ៉ា និងជាអតីតទីប្រឹក្សាលោក កឹម សុខា ព្រមទាំងសកម្មជនគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាច្រើននាក់។
យ៉ាងណា ចំពោះការសាងព្រះផ្នួសនេះ មិនមានប្រភពណាបញ្ជាក់ថា អតីសកម្មជនរូបនេះ នឹងបួសធ្វើជាសង្ឃរហូត ឬត្រឹមរយៈពេលកំណត់ណាមួយនោះទេ៕