header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ម៉ូតូធំ២គ្រឿង ដែលសុទ្ធសឹងជាម៉ូតូស៊េរីទំនើប ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន  នគរបាលស្រុកសំពៅលូន ធ្វើការស្ទាក់ចាប់​បាន រួច​ប្រគល់ទៅឲ្យ​ភាគីថៃវិញ ដើម្បីឲ្យ​ទៅម្ចាស់ ដែលបានបាត់ បន្ទាប់ពីចោរលួចឆ្លងដែន។

កាលពីព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចច្រករបៀងមួយកន្លែងក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិស្ពានយោល  ឃុំជ្រៃសីមា ស្រុកសំពៅលូន  ខេត្តបាត់ដំបង គេបានឮសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ ដើម្បីស្ទាក់ចាប់ជនសង្ស័យ ដែលកំពុងធ្វើសកម្មភាពអូសម៉ូតូឆ្លងដែន ចេញពីទឹកដីថៃ មកកាន់កម្ពុជា។

សមត្ថកិច្ច បានឲ្យ​ដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីភាគីថៃ ឲ្យ​ជួយសហការក្នុងការស្រាវជ្រាវរកមុខសញ្ញាលួចម៉ូតូពីរគ្រឿងពីខេត្តប្រាជីនបុរី ប្រទេសថៃ ដែលគេសង្ស័យថា ក្រុមចោរអាចជាជនជាតិថៃ ហើយយកមកលក់ឲ្យ​ខ្មែរ នៅក្នុងខ្សែបន្ទាត់ព្រំដែន។

សមត្ថកិច្ច បានអះអាងថា ម៉ូតូទាំង២គ្រឿងនោះ ម៉ាក YAMAHA  ប្រភេទ RG 331/M-Slash  ពាក់ស្លាកលេខ ប្រាជីនបុរី ១០០៩  និងម៉ូតូម៉ាក  Honda  ប្រភេទ MSX  ពាក់ស្លាកលេខ ឆៈឈើងសៅ ២១២៥ ត្រូវបានក្រុមជនមិនស្គាល់មុខ លួចចេញពីខេត្ត ប្រាជីនបុរី កាលពីព្រឹកថ្ងៃទី ១០ ខែកញ្ញា នេះ។

នៅល្ងាចថ្ងៃដដែលនោះ​ លោកអធិការ ពេជ្រ សារ៉ែន បានដាក់កម្លាំង​ល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញជនសង្ស័យកំពុងដឹកម៉ូតូទាំង២គ្រឿងនេះ  ឆ្លងដែនចូលមកក្នុងស្រុកសំពៅលូន ទើបធ្វើការស្ទាក់ ដើម្បីចាប់ខ្លួនយកមកសាកសួរ ប៉ុន្តែជនសង្ស័យបានផ្តួលម៉ូតូហើយរត់គេចខ្លួនបាត់ស្រមោល  បន្ទាប់ពីបានឃើញសមត្ថកិច្ច ។

បន្ទាប់មក​នៅព្រឹកថ្ងៃទី១១ នេះ លោកអធិការ ពេជ្រ សារ៉ែន បានដឹកនាំកម្លាំង​ធ្វើការប្រគល់ម៉ូតូទាំង២គ្រឿងនេះ ទៅឲ្យ​ភាគីថៃវិញ នៅត្រង់ចំណុចច្រកទ្វារអន្តរជាតិគីឡូ១៣ ក្នុងទឹកដីស្រុកសំពៅលូនតែម្តង ដើម្បីនាំយកទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ ដែលសកម្មភាពនេះ សបញ្ជាក់ឲ្យ​ឃើញថា ចំណងសាមគ្គីភាព និងមិត្តភាពរវាងកម្ពុជា-ថៃ ដែលជាប្រទេសមានព្រំដែនជាប់គ្នា គឺកាន់តែស្អិតរមួត និងយូរអង្វែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post