Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីម្នាក់ បាន​ទ្រហោយំឱបសពប្តី ក្រោយពីយក​គ្នាជាប្តីប្រពន្ធ ទើបបាន៦ខែ ស្រាប់តែចោរចាក់សម្លាប់ បោះ​ចោលសពក្នុងវាលស្រែ ហើយប្លន់​យកម៉ូតូទៅបាត់។

សព ត្រូវបានគេប្រទះឃើញ បង្កឲ្យមាន​ការ​ភ្ញាក់ផ្អើល កាលពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅដីវាល ក្នុងបរិវេណខាងមុខរោងចក្រ ហូបវែល ភូមិកប់កង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

លុះដល់​វេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃដដែល មានស្រ្តីម្នាក់ឈ្មោះ ប៉ុល រិន អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ដែលអះអាងថាជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ច​ឲ្យដឹងថា ប្តីគាត់ (សព) ​ឈ្មោះ ឡាញ់ វ៉ន អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើត ស្រុកឡែម ខេត្តបាត់ដំបង និងមានទីលំនៅ ភូមិតំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត តែមកស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ។

ប្រពន្ធជនរងគ្រោះ បន្តថា គាត់ទាំងពីរ ទើបតែរៀបការបាន៦ខែ ជារៀងរាល់ថ្ងៃ ប្តីគាត់ចេញរត់ឌុប ធម្មតាចូលផ្ទះនៅម៉ោង៩យប់ តែនៅយប់ថ្ងៃទី១៣ ម្សិលមិញ មិនបានឃើញប្តីចូលផ្ទះឡើយ បាត់រហូតព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ ទើបទទួលព័ត៌មានថា ប្តីត្រូវបានចោរចាក់សម្លាប់ ប្លន់យកម៉ូតូ សេ១២៥ សេរី២០១១ មួយគ្រឿងទៅបាត់។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ឃាតកម្មនេះ មិនដឹងកើតហេតុតាំង​ពីពេលណាមកនោះទេ បន្ទាប់ពីមានកម្មករ ធ្វើដំណើរចូលធ្វើការរោងចក្រ ឆ្លងកាត់តាមផ្លូវ ចូលរោងចក្រ ក៏​ប្រទះឃើញសពដេកស្លាប់ក្នុងវាលស្រែ ក្បែរផ្លូវ ដោយ​មានធ្លាក់មួកសុវត្ថិ​ភាពចំនួន២លើផ្លូវ និងមានដាមឈាម ហូរធ្លាក់តាមផ្លូវ ផងដែរ ទើបបង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ប្រាប់​សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។

តាមការសន្និដ្ឋានជំហានដំបូង បានឲ្យដឹងដា ករណីនេះ ជាករណីចាក់ប្លន់យកម៉ូតូ ក្នុងរូបភាព ជនរងគ្រោះឌុប ជនសង្ស័យជាមនុស្សស្រី ដែលជាធ្នាក់ ចូលទៅចំណុចខាងលើ លុះឌុបចេញមកវិញ ត្រូវបក្ខពួកជនសង្ស័យស្ទាក់ចាប់ រួចអារកពីក្រោយ ហើយយកម៉ូតូទៅបាត់។ សព ឃើញនៅគម្លាតពីកន្លែងធ្លាក់មួក ស្បែកជើង ប្រមាណ៥០ម៉ែត្រពីគ្នា បើតាមសន្និដ្ឋាន ជនរងគ្រោះអាចរត់ដេញតាមម៉ូតូ អស់ខ្យល់ដួលចូលទឹកស្រែតែម្តង។

សមត្ថកិច្ច បញ្ជាក់ថា សាកសពមាន​ស្នាមរបួសមុត សុះពី​ក្រោយស្មា ក។ ហើយបច្ចុប្បន្ន​សមត្ថកិច្ចជំនាញបាន​ប្រមូលព័ត៌មាននៅជុំវិញកន្លែងកើតហេតុ ដើម្បីធ្វើការ​ស្រាវជ្រាវរកឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor