(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដោយមានការចូលរួមពី ឯកឧត្តម ម៉េង ហុង នាយករង បសស តំណាងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម លោកប្រធានមន្ទីរការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរសុខាភិបាល លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រី គណៈក្រុង/ស្រុក តំណាងមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង និងម្ចាស់ សហគ្រាស គ្រឹះស្ថាន ។
ក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលរងខេត្ត ក៏បានសម្តែងនូវការកោតសរសើរ ដល់ម្ចាស់ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនទាំងអស់ដែលបានគោរពច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជន ទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ ក្នុងការបំពេញកាតព្វកិច្ច ចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិក និងការបង់ភាគទានត្រឹមត្រូវតាមច្បាប់កំណត់ ។
ឯកឧត្ដមអភិបាលរងខេត្ត បានសំណូមពរដូចខាងក្រោម៖
១.ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ នៃច្បាប់ស្តីពីការងារ សូម ប.ស.ស ខិតខំអនុវត្តរបបធានារ៉ាប់រងហានិភ័យ និង របបធានារ៉ាប់រង ថែទាំសុខភាពឱ្យកាន់តែល្អប្រសើរថែមទៀត ។
២.និយោជិក នាយក ម្ចាស់ សហគ្រាស គ្រឹះស្ថានទាំងអស់ សូមចូលរួមអនុវត្តច្បាប់ ស្តីពីរបប សង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ និងត្រូវចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិក និងបង់ភាគទានអោយបានទាន់ពេលវេលា ។
៣.សូមឱ្យអង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការ ជាមួយ អង្គភាព បេឡាជាតិរបបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធិភាព ដើម្បីរួមចំណែក អភិវឌ្ឍន៍សង្គមជាតិយើងឱ្យមានការរីកចម្រើន ។ដោយ៖ភក្ដី