ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយជនជាតិចិន បានបើករថយន្តស៊េរីទំនើប ម៉ាក Alphard ទៅបុកជាមួយម៉ូតូមួយគ្រឿង កំពុងជិះឌុបគ្នា៣នាក់ ឪពុក ម្ដាយ និងកូន បណ្ដាលឲ្យក្បាលឲ្យកូនរងរបួសធ្ងន់ នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ហើយរថយន្តបង្កបានបើកបន្ថែមល្បឿន រត់គេចខ្លួន ទៅដល់ចំស្តុបវត្តនាគវ័ន ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាឃាត់បានមកពីការភ្ញាក់ផ្អើលខ្លាំងផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ០៩និង៤០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបើករត់ដល់ស្តុបវត្តនាគវ័ន ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាឃាត់បាន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8668 បើកបរដោយជនជាតិចិន ធ្វើដំណើរពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមកទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-0883 ជិះឌុបគ្នា ៣នាក់ឪពុក ម្ដាយ និងកូន បណ្ដាលឲ្យកូនរងរបួសបែកក្បាល របួសធ្ងន់ ត្រូវបានបញ្ជូនតាមកង់បីទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ភ្លាមៗនោះ រថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួន ទៅដល់ត្រង់ចំណុចស្តុបផ្លូវបត់ទៅវត្តនាគវ័ន្ត ហើយត្រូវបានប្រជាពលរដ្ឋដេញស្ទាក់ឃាត់បាន។ បុរសជាឪពុកក្មេងរងគ្រោះ ក៏បានមកដល់ដែរ ទើបជនជាតិចិនដែលជាអ្នកបើករថយន្តបង្ក ចុះមកសុំទោស រួចលុតជង្គង់ លើកដៃសំពះក្រាបក្បាលដល់ដី ជិតកន្លះម៉ោង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាសិន បើសិនជាមិនត្រូវគ្នាទេ សមត្ថកិច្ចនឹងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ឲ្យមកយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយពេលក្រោយបន្ត ៕