បន្ទាយមានជ័យៈ ក្រោយពីមានរឿងអាស្រូវ ស្អុយអាសោចិ៍ បញ្ច្រាសខ្យល់ មានទាំងកាសែត វេបសាយ ទូរទស្សន៍ផ្សាយជាបន្តបន្ទាប់ ជុំវិញរឿងពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ដែលកន្លងមក មេសាខារូបនេះបាន ដឹកនាំបែបបក្ខពួកនិយម គាបសង្កត់មន្ត្រីក្រោមឱវាទ បណ្តេញមន្ត្រីមានក្របខ័ណ្ឌឲ្យទៅពិនិត្យរទេះ ពិនិត្យឡានតាមផ្លូវ រួចទៅជួលជនស៊ីវិល ដែលជាសាច់ញាតិខ្លួន២នាក់ ឲ្យមកធ្វើការជំនួស ។
ភាពមិនប្រក្រតីនេះ បានធ្វើឲ្យមន្ត្រីក្រោមឱវាទជាច្រើន សម្តែងការមិនពេញចិត្ត គឺមកពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានរំលោភលើការងាររបស់ខ្លួន ធ្វើការមិនបានអនុវត្តន៍តាមប្រកាសរបស់ក្រសួង និងតាមឋានានុក្រម ។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះ សាន វិជ្ជាសារ៉ាវុធ បានរៀបយុទ្ធសាស្ត្រ១ខែ ចុះត្រួតពិនិត្យតាមផ្សារឲ្យបាន២ដង ដើម្បីយករូបភាព សកម្មភាព ធ្វើរបាយការណ៍ រាយការណ៍ជូនថ្នាក់លើ ។ សកម្មភាពទាំងនេះ ត្រូវបានគេដឹងថា គឺជាការធ្វើឡើងដើម្បីបិទបាំង រឿងអាស្រូវរបស់ខ្លួន បង្ក្រាបអ្នករកស៊ីតូចតាច ឃុបឃិតជាមួយឈ្មួញធំៗ ក្រុមហ៊ុនធំៗ នាំចូលទំនិញ ផលិតផល ខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ សាច់មាន់ខូចគុណភាព និងប្រហិតគ្រប់ប្រភេទ បង្កប់ក្នុងរទេះទំនិញ នាំចូលពីថៃមកកម្ពុជា តាមច្រកប៉ោយប៉ែត ដើម្បីយកទៅលក់ ចែកចាយបន្តតាមបណ្តាខេត្ត និងភ្នំពេញ ។
ក្រោយពីកាសែត វេបសាយ ក្នុងស្រុកជាច្រើន បានចុះផ្សាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គេបានឃើញវត្តមាន លោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីកាំកុងត្រូល នៅស្នាក់ការកាំកុងត្រូលច្រកប៉ោយប៉ែត។
ក្នុងជំនួបប្រជុំនោះ លោក ម៉ក់ ពេជ្ជរឹទ្ធ បានព្រមានយ៉ាងចាស់ដៃចំពោះលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យថា លោកទុកពេលឲ្យ១សប្តាហ៍ ឲ្យកែប្រែការដឹកនាំ ពង្រឹង ការងារឡើងវិញ ត្រូវសាមគ្គីគ្នាឡើងវិញ ត្រូវផ្តល់ការងារឲ្យកូនចៅ (មន្ត្រីក្រោមឱវាទធ្វើវិញ តាមឋានុក្រម)។
លោក ម៉ក់ ពេជ្ជរឹទ្ធ ថា សព្វថ្ងៃនេះ ការងារកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្លាក់ខ្សោយណាស់ ហើយបទល្មើសខុសច្បាប់ របស់របរឈ្មួញលួចបង្កប់ទំនិញខូចគុណភាពកើនឡើងពេញបន្ទុក រាល់ពេល សមត្ថកិច្ចតាមបណ្តាខេត្ត ដូចជា បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ចាប់បានសាច់មាន់ ប្រហិត និងទំនិញខូចគុណភាព ពេលសួរនាំឈ្មួញ តែងតែឆ្លើយថា នាំចូលពីថៃ តាមច្រកប៉ោយប៉ែតតែរហូត បើអសមត្ថភាព គួរតែដឹងខ្លួនហើយ?
ប្រភពបានបញ្ជាក់ថា កន្លងទៅ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ តែងតែមានអំនួត អួតអាងតាំងខ្លួនដូចមហាទេព ស្មើមេឃ គ្មាននរណាចេះដល់ខ្លួនទេ យកឈ្មោះអ្នកធំនេះ អ្នកធំនោះមក ប្រើប្រាស់ គាបសង្កត់មន្ត្រីក្រោមឱវាទ តាំងខ្លួនជាទីប្រឹក្សាផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានឋានៈស្មើអគ្គនាយក ហើយការឃុបឃិតជាមួយឈ្មួញដាក់ខែ រាប់ក្បាលឡានដឹកទំនិញ១គ្រឿង ១០០បាត ១ថ្ងៃ មានឡានពី៣០០គ្រឿង ទៅ៥០០គ្រឿង អីចឹងមានន័យថា គ្រាន់តែ១ថ្ងៃ លោកប្រធានសាខាកាំកុងត្រូលរូបនេះ អាចរកចំណូលក្រោមតុ ពីឈ្មួញបានរាប់ម៉ឺនបាត (ប្រាក់ថៃ) ។ ចំណូលទាំងនោះ លោក សាន វិជ្ជាសារ៉ាវុធ អះអាងចំពោះមុខកូនចៅថា មួយចំនួនគឺ ទុកដោះស្រាយអង្គភាព មួយចំនួនទៀត គឺចិញ្ចឹមមេកើយរបស់ខ្លួន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងយកលុយមួយចំនួនជួយបក្ស។
គេសង្ស័យថា ព្រោះតែមានខ្នងក្រាស់ និងខ្សែធំបែបនេះហើយមើល៍ទៅ បានជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ហ៊ានធ្វើព្យុះធ្វើភ្លៀង ឃុបឃិតជាមួយឈ្មួញនាំចូលទំនិញខូចគុណភាព ចូលពីថៃទាំងយប់ ទាំងថ្ងៃ និងដាក់កូនចៅរាប់ក្បាលឡានយកលុយ យ៉ាងរំភើយ មិនខ្វល់ពីការប៉ះពាល់សុខុមាលភាពប្រជាពលរដ្ឋឡើយ។
ពាក់ពន្ធ័ករណីនេះ អ្នកសារព័ត៌មានយើង បានខលទៅសម្ភាសផងដែរ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ តែគួរឲ្យសោកស្តាយ ទូរសព្ទ័លោក សាន វិជ្ជាសារ៉ាវុធ មិនអាចទំនាក់ទំនងបានឡើយ ៕