
ក្រចេះ: សាកសពបុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងទឹកបឹងក្រោយភូមិ ជិតសាលាបឋមសិក្សាភូមិត្នោត ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពង្រ ស្រុកឆ្លូង កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា សង្ស័យជាអំពើឃាតកម្ម ដោយលើសាកសពមានស្នាមដាច់សាច់ និងបាក់ក។
បើតាមលោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានបញ្កថា ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម កំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការស្រង់សាកសពយកចេញពីក្នុងទឹកបឹង មកដាក់លើគោក និងបានពិនិត្យទៅលើដងខ្លួនសាកសព និងបរិវេនជុំវិញខ្លួនក្បាលបានរកឃើញ ស្លាកស្នាមនៅលើកសាកសពផ្នែកខាងឆ្វេងមានស្នាមជាំ ក ទន់ និងមានស្នាមបែកលើត្របកភ្នែកខាងឆ្វេងប្រវែង៥ សង់ទីម៉ែត្រ ។ ហើយសមត្ថកិច្ចបសន្និដ្ឋានថា ករណីនេះ ជាករណីឃាតកម្ម។
ចំណែកនៅដៃខាងស្ដាំនៃសាកសពមានកាន់ជាប់ថង់ស្បៃសំរាប់ដាក់ត្រីចំនួន២ (ស្បៃមួយទទេ ស្បៃមួយទៀតមានដាក់ត្រីប្រភេទត្រីដាក់មង)។
លោកអធិការបានបញ្ជាក់ថា៖ តាមការស្រាវជ្រាវរកអត្តសញ្ញាណបានឲ្យដឹងថា៖ ជនរងឈ្មោះ អ៊ំ សារ៉ាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅ នៅភូមិព្រែកសំរោងទី១ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។
ក្រុមគ្រួសារនៃសព បានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨និង ៣០នាទី ឈ្មោះ អ៊ំ សារ៉ាន់ បានចេញពីផ្ទះដោយមានសំភារៈទៅតាមខ្លួនមាន គោមបំភ្លឺផ្លូវ១ និងថងស្បៃមួយ ពេលដែលជនរងគ្រោះចេញទៅបានប្រាប់អ្នកផ្ទះថា ខ្លួនទៅចាប់គីងគក់នៅខាងក្រោយភូមិ ហើយក៏ស្រាប់តែបាត់ដំណឹងពីពេលនោះមក។
លុះព្រឹកឡើងថ្ងៃទី១៣ខែឆ្នាំដដែលក្រុមគ្រួសារនិងបងប្អូនជិតខាងនាំគ្នាដើររកតែពុំឃើញ លុះដល់ថ្ងៃទី១៤ខែឆ្នាំដដែលទើបទទួលបានព័ត៌ថា ឃើញសាកសពអណ្តែតទឹក។ ក្រោយមកនគរបាលធ្វើពីការពិនិត្យសាកសពរួចសម្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕