
ថៃៈ ឈើគ្រញូងចំនួន២៤ដុំ ដែលមានប្រវែងចាប់ពី១ម៉ែត្រ ដល់២ម៉ែត្រ ត្រូវបានក្រុមទាហានជើងទឹកថៃ ប្រចាំខេត្តត្រាត ប្រទះឃើញនៅលើកាណូតមួយគ្រឿង ដែលត្រូវគេបោះបង់ចោលនៅមាត់ទន្លេ។ បើតាមប្រភពពីអ្នករស់នៅក្នុងតំបន់នោះ បានដាក់ការសង្ស័យថា ឈើទាំងនេះ គឺជនជាតិខ្មែរ ជាអ្នកលបចូលទៅដឹក។
ឈើប្រណីតដ៏ច្រើនសន្ធឹកនេះ ត្រូវបានប្រទះឃើញកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ នៅត្រង់ចំណុចច្រកប៉ាកខ្លង ស្ថិតក្នុងភូមិខ្លងសុន ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ដោយកម្លាំងទាហានជើងទឹកថៃ បានឃើញកាណូតមួយគ្រឿង ដែលត្រូវគេចតទុកចោល ដោយសារកាណូតនេះ មានធ្លុះបាតបណ្តាលឲ្យទឹកចូល ទើបមិនអាចធ្វើដំណើរទៅមុខទៀតបាន។

ប្រជាពលរដ្ឋថៃ ដែលរស់នៅក្នុងតំបន់ បាននិយាយប្រាប់ក្រុមទាហាននោះថា កាលពី២ថ្ងៃមុន គេបានឃើញជនជាតិខ្មែរ២នាក់ បើកកាណូតនេះមកស្ទូចត្រីនៅកណ្តាលទន្លេ ហើយទំនងជាមានឱកាស គេក៏បានលបចូលទៅដឹកឈើគ្រញូងទាំងនេះ បម្រុងយកទៅឲ្យឈ្មួញនៅទឹកដីកម្ពុជា ប៉ុន្តែជាអកុសលកាណូតបានប៉ះទង្គិចជាមួយនឹងដុំថ្មក្នុងទឹក បណ្តាលធ្លាយបាតក្រោម ដោយសារមិនអាចទៅមុខទៀតបាន គេក៏ទុកកាណូតចោល ហើយគេចខ្លួនបាត់អស់។
យ៉ាងណា ក្រោយពីកម្លាំងទាហាន បានចុះពិនិត្យរួចមក គេសង្កេតឃើញថា នៅក្នុងកាណូតដែលលិចនោះ មានឈើគ្រញូងសរុបចំនួន២៤ដុំ ទើបកម្លាំងប្រមូលយកទុកជាវត្ថុតាង និងបានបញ្ជូនទៅឲ្យកម្លាំងអង្គភាពជំនាញ យកទៅរក្សាទុកតាមនីតិវិធី៕
