រិទ្ធី

ក្រសួងបរិស្ថាន៖ ការិយាល័យអ្នកនាំពាក្យ សូមជម្រាបជូនដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយឱ្យបានជ្រាបថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៨ ស្ថានភាពទឹកសមុទ្រនៅតំបន់មួយចំនួនដែលល្អក់ដោយសារតែទឹកភ្លៀងខ្លាំងហូរនាំយកដីកំណាយបុកគ្រឹះពីការដ្ឋាននៅក្បែរៗនោះចូលតាមរយៈអូរ និងប្រឡាយនាពេលកន្លងទៅនោះ ឥឡូវនេះ បានវិលមកសភាពដើមវិញហើយ។

ក្រសួងបរិស្ថានបានបញ្ជាក់មូលហេតុថា៖ ការវិលមកសភាពដើមធម្មតាវិញនេះ (ទឹកសមុទ្រពណ៌ខៀវថ្លា)  ដោយសារតែមិនមានភ្លៀងធ្លាក់ខ្លាំងហើយ ការដ្ឋានសាងសង់ដែលមិនបានគ្រប់គ្រងការដ្ឋានបានល្អ ត្រូវបានណែនាំគ្រប់គ្រងការដ្ឋានខ្លួនឱ្យបានល្អចៀសវាងពេលភ្លៀងនាំឱ្យនាំយកនូវដីបុកគ្រឹះ កាយគ្រឹះទៅជាមួយជាថ្មីទៀត។ ការដ្ឋានសំណង់មួយចំនួនដែលបានបំពានច្បាប់ ក៏ត្រូវបានផាកពិន័យផងដែរ។

ជាធម្មតានៅរៀងរាល់រដូវវស្សា ពេលភ្លៀងធ្លាក់ខ្លាំងតែងតែធ្វើឱ្យទឹកសមុទ្រមានភាពល្អក់កករខ្លះ ដោយសារតែទឹកភ្លៀងហូរចូលសមុទ្រតាមអូរ ប្រឡាយនាំយកទៅជាមួយនូវដីល្បាប់ខ្លះ។ ប៉ុន្តែវាមិនមានការប៉ះពាល់ដល់សមុទ្រទេ។ នេះជាការអះអាងរបស់ការិយាល័យអ្នកនាំពាក្យក្រសួងបរិស្ថាន។

លើសពីនេះទៅទៀតមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានចុះពិនិត្យ អនុវត្តច្បាប់ និងអប់រំណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រជាពលរដ្ឋ កុំឱ្យបង្ហូរទឹកសម្អុយចូលក្នុងសមុទ្រ ត្រូវធ្វើអាងប្រព្រឹត្តិកម្ម ឬគ្រប់គ្រងសំណល់រឹង រាវ សំរាមខ្លួនឱ្យបានល្អ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងសម្រស់ឆ្នេរសមុទ្រកម្ពុជាឱ្យល្អស្អាត និងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរ។

ក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងសម្អាតបរិស្ថានជាប្រចាំ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាដើម្បីកម្ពុជាស្រស់ស្អាតគ្មានសំរាមនៅរាយប៉ាយ និងសូមចូលរួមអភិរក្សនិងការពារឆ្នេរសមុទ្រយើងទាំងអស់គ្នា។

សូមរំលឹកថា មួយរយៈចុងក្រោយនេះទឹកសមុទ្រនៅខេត្តព្រះសីហនុ ប្រែក្លាយជាល្អក់ ដែលបណ្តាលពីការចាក់ដី រំលោភចូលឆ្នេរសមុទ្ររបស់ក្រុមហ៊ុនលោកស្រី ជឹង សុភាព ហៅយាយភូ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែលមានឯកឧត្តម ជា សុផារ៉ា ជាប្រធាន បានចេញសេចក្តីណែនាំ និងវិធានការស្តីពីការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រពន្ធលូ សម្រាប់រាល់សំណង់អគារលំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រ ដែលមានស្រាប់ និង/ឬគម្រោងសាងសង់ថ្មី នៅខេត្តព្រះសីហនុ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor