header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង គឺជាអ្នកបំបែកបំបាក់ផ្ទៃក្នុងគណបក្សតាមរយៈការបង្កើតចលនាសង្គ្រោះជាតិពីក្រៅប្រទេស។

ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាច សម្រាប់អាណត្តិទី៦នេះ បន្ទាប់ពីលោក សម រង្ស៊ី បាន និងកំពុងតែនៅក្រៅប្រទេស ហើយចង់ឲ្យមានការចរចាផ្នែកនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកប្រកាសឈប់ចរចាវិញ ដោយទុកឲ្យបក្សប្រជាជន ចរចាជាមួយអន្តរជាតិ។

យ៉ាងណាក្តី លោក សុខ ឥសាន បានហៅការលើកឡើងរបស់អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ គ្មានន័យនោះទេ។ លោកថា អតីតបក្សប្រឆាំង ត្រូវបានតុលាការកំពូល សម្រេចរំលាយចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាស្ថាពររួចហើយ។ ទន្ទឹមនឹងនេះ មន្ត្រីអតីតបក្សប្រឆាំងនេះ ក៏ត្រូវបានព្យួរសកម្មភាពនយោបាយរយៈពេល៥ឆ្នាំផងដែរ។

លោក សុខ ឥសាន បញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញានេះថា “ដោយគ្មានសង្ឃឹមថា បានរស់ឡើងវិញ មេដឹកនាំអតីតបក្សប្រឆាំងនាំគ្នាបង្កើតរស់ហៅថា ចលនាសាងគ្រោះជាតិ ដែលមានការបែងចែករវាងគ្នានឹងគ្នាមិនដាច់ស្រេច ប្រៀបបានដូចទឹក និងប្រេងរហូតដល់ព្វថ្ងៃ។ ឥឡូវនេះ រចនាសម្ព័ន្ធនៅក្រៅប្រទេស បាន និងកំពុងបន្តបែកបាក់យ៉ាងខ្លាងក្លាមែនទែន ដែលមិនអាចផ្សះផ្សារបាន”

លោកបន្ថែមថា “មុននេះ ទណ្ឌិត សម រង្ស៊ី បានអំពាវនាវរកការចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តសកម្មភាពនយោបាយបាន។ ប៉ុន្តែឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានងាកមកចង់ឲ្យមានជម្លោះរវាងរាជរដ្ឋាភិបាលកម្ពុជា នឹងសហគមន៍អឺរ៉ុប ទៅវិញ ដែលគួរឲ្យចង់ឲ្យអស់សំណើចណាស់។ ដូច្នេះ មកដល់សព្វថ្ងៃនេះ ផ្ទៃក្នុងរបស់អតីតបក្សប្រឆាំង កំពុងច្របូកច្របល់ បាត់ម្ចាស់ការទាំស្រុង មិនដឹងអ្នកណាស្តាប់អ្នកណាទេ ដណ្តើមគ្នាធ្វើធំរៀងៗខ្លួន និងបែងចែកបក្ខពួក រវាងក្រុមបក្សខាង កឹម សុខា និងក្រុមបក្សខាង សម រង្ស៊ី និងក្រុមខាង កឹម សុខា ប្រៀបបានដូចទឹក និងប្រេងយ៉ាងដូច្នោះដែរ”

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា ផ្អែកលើស្ថានភាពជាក់ស្តែងខាងលើនេះ អាចឲ្យសន្និដ្ឋានបានថា ក្នុងអតីតគណបក្សប្រឆាំង គ្មានថ្ងៃសុខស្ងប់នឹងគ្នាបានសោះឡើយ។

ដោយឡែក លោក សម រង្ស៊ី វិញ បានលើកឡើងតាមរយៈវិដេអូឃ្លីប ហើយបង្ហោះតាមបណ្តាញសង្គមថា “យើងឈប់ចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយ យើងទុកឲ្យសម្តេចតេជោ ហ៊ុន សែន ចរចាជាមួយអន្តរជាតិវិញ”

ទោះបីជាយ៉ាងណា លោក សម រង្ស៊ី បានស្នើសុំឲ្យមន្ត្រីខ្លួន រក្សាភាពនឹកនរកុំឲ្យមានការបែកបាក់ផ្ទៃក្នុងខ្លួនឲ្យសោះ។ លោកបានបញ្ជាក់ថា “ឲ្យគាត់ប្រឈរមុខជាមួយអន្តរជាតិទៅ យើងសុំតែមួយទេ គឺរក្សាឯកភាពផ្ទៃក្នុង”

ទាក់ទិននឹងការលើកឡើងរបស់អតីតមេបក្សប្រឆាំងនេះដែរ លោក សុខ ឥសាន ក៏បានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងអង្គប្រជុំធំៗ នៅលើពិភពលោកជាបន្តបន្ទាប់ ដែលជាការលើកកម្ពស់មុខមាត់ និងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។

ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងថា ចំណែកពួកប្រឆាំង រចនាសម្ព័ន្ធត្រូវបានរំលាយដោយតុលាការកំពូលរួចហើយ ហើយដែលទណ្ឌិត សម រង្ស៊ី ក៏បានទទួលស្គាល់រួចហើយដែរ ដោយបានងាកទៅបង្កើតរបស់ដែលហៅថា ចលនាសង្គ្រោះជាតិ និងរាល់រចនាសម្ព័ន្ធប្រឆាំងនៅក្រៅប្រទេសក៏ត្រូវបានបែកបាក់ខ្ចាត់ខ្ចាយអស់ហើយដែរ។

លោកបញ្ជាក់ថា “អន្តរជាតិ ដែលមាននិន្នាការចង់ជួយពួកប្រឆាំង ក៏គ្មានឡេះអ្វីអាចជួយបានឡើយ មានតែយកពាក្យគំរាមមកហែងមកសម្លុតមកលើរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ប៉ុណ្ណោះ ដែលអត់មានប្រសិទ្ធភាពអ្វីទាល់តែសោះ មកលើឯករាជ្យ និងអធិបតេយ្យភាពកម្ពុជាឡើយ”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post