អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រមុខដឹកនាំប្រទេសកម្ពុជា និងវៀតណាម បានប្តេជ្ញាសន្យារក្សាការការពារសន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ សំដៅឲ្យក្លាយជាព្រំដែនអភិវឌ្ឍ។

ការប្តេជ្ញាសន្យានេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៣ ខែកញ្ញា នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការខិតខំបន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសទាំងពីរ ពិសេសការការពារសន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ សំដៅប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍ ការសម្រួល​ពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ អប់រំ កីឡា សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ក្នុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំនៃ​ប្រទេសទាំងពីរ ក៏បានរិះរកគ្រប់មធ្យោបាយក្នុងការជំរុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យបានសម្រេចតាមគោលដៅ ដែលមេដឹកនាំទាំងពីរចង់បាន។ ទន្ទឹមនឹងនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

សម្តេច ក៏បានអបអរសាទរ ចំពោះទិវាជ័យជំនះ ២កញ្ញា របស់ប្រទេសវៀតណាម។ ភាគីទាំងពីរ ក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខា នៅពេលខាងមុនជាមួយគ្នានេះ។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការឈានទៅបោះបង្គោលព្រំដែននៅពេលខាងមុខ។

ចំណែក នាយករដ្ឋមន្រ្តីវៀតណាម ក៏បានជម្រាប​ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការយាងព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ស្តេចយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ខាងមុខផងដែរ។ សម្តេចតេជោ ក៏បានទទួលយកនូវការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលខាងមុខ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor