ភ្នំពេញៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចចោទប្រកាន់ជាផ្លូវការ លើបុរសជនជាតិកូរ៉េ២នាក់ ជាឪពុក និងកូន ពីបទឆបោក និងបទលួច ពាក់ព័ន្ធករណីឆបោកប្រាក់ទិញរថយន្តការពារគ្រាប់កាំភ្លើង និងលួចលុយក្រុមហ៊ុនចិនសរុបជាង៧លានដុល្លារ ។
ជនត្រូវចោទទាំង២នាក់ ត្រូវបានចាត់បញ្ជូនឲ្យលោកចៅក្រម យិន សារឿន ជាចៅក្រមស៊ើបសួរបន្តនីតិវិធី ប៉ុន្តែដោយសារល្ងាចណាស់ទៅហើយ តុលាការសម្រេចផ្ញើជនជាប់ចោទនៅហ្នឹងសមត្ថកិច្ចកងរាជអាវុធហត្ថជាបណ្ដោះអាសន្នសិន រង់ចាំការសម្រេចនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨បន្តទៀត ។
សូមបញ្ជាក់ថា បុរសជនជាតិកូរ៉េ២នាក់ជាឪពុក និងកូន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់បញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណី ឆបោក និងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់ប្រាក់សរុបជាង៧លានដុល្លារអាមេរិក ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១ ឈ្មោះ ចូ ស៊ូពិន (Cho Soin) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែន លេខ M36107313, ទី២ ឈ្មោះ ចូ សាមហ្សុង (Cho Samsung) ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុក ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៥ ផ្លូវលេខ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រីឯជនរងគ្រោះដែលប្ដឹងជនជាតិកូរ៉េទាំង២នាក់ឪពុក និងកូនខាងលើនេះ ឈ្មោះ ជិន ជីហុង (Jin Zhehong) ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករ តំណាងឲ្យក្រុមហ៊ុន Shenyang Aiweiou Healfh Products Co., ltd មានអសយដ្ឋានផ្ទះលេខ២៧ ផ្លូវលេខ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ឪពុក និងកូនកំពុងត្រូវបានលោកព្រះរាជអាជ្ញារង សៀង សុខ សាកសួរនៅឡើយ ។
ប្រភពព័តិមានពីអយ្យការ អមសាលាដំបូងបានឲ្យដឹងថា ចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិន ដែលបានប្ដឹងជនជាតិកូរ៉េពីបទឆបោក មានទឹកប្រាក់ចំនួន ២៩២ ០៤៥ ដុល្លារ ប្រព្រឹត្តកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបទលួច មានទឹកប្រាក់ចំនួន ៧ ២០៥ ៨៨២ ដុល្លារ ប្រព្រឹត្តក្នុងឆ្នាំ២០១៧ និងបទក្លែងឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ។
ពាក់ព័ន្ធករណីខាងលើនេះ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិន Shenyang ត្រូវការទិញរថយន្តអាមេរិកទំនើបមួយគ្រឿង ម៉ាក LINCOLN NAVEGATOR Airforce one ផលិតឆ្នាំ២០១៧ ពីក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់ទទួលភ្ញៀវពិសេស ក្នុងឆ្នាំ២០១៧ ដែលមានតម្លៃទីផ្សារ ពេលនោះ ៣០០ ០០០ ដុល្លារ ។ ស្រាប់តែពេលនោះ ឈ្មោះ ចូ ស៊ូពិន ដែលជាជំនួយការប្រធានក្រុមហ៊ុនបាននិយាយថា ឪពុករបស់គាត់ឈ្មោះ ចូ សាមហ្សុង មានបទពិសោធន៍ក្នុងការទិញ និងនាំចូលរថយន្តក្នុងតម្លៃទាបជាងក្រុមហ៊ុន Tianjing គឺប្រហែលតម្លៃ ២២២ ០០០ដុល្លារប៉ុណ្ណោះ ។
ពេលនោះ ក្រុមហ៊ុនដែលកុម្ម៉ង់ទិញបានពន្យល់អំពីលក្ខណៈរថយន្ត ដែលទិញគឺមានបំពាក់ឧបករណ៍ទំនើប និងកញ្ចក់កាងគ្រាប់កំាភ្លើង ។ បន្ទាប់មក ពួកគេបានឯកភាពគ្នា ហើយក្រុមហ៊ុនបានផ្ទេរប្រាក់ឲ្យចំនួន៨ដង ស្មើទឹកប្រាក់ ៣១៤ ០០០ដុល្លារ ឲ្យ ចូ ស៊ូពិន និង ចូ សាមហ្សុង ។ លុះដល់ថ្ងៃទី៥ មេសា ឆ្នាំ២០១៧ ទើបពួកគេបានយករថយន្តជជុះមួយគ្រឿង មានភិនភាគប្រហាក់ប្រហែលនឹងរថយន្តដែលក្រុមហ៊ុនកុម្ម៉ង់មកឲ្យ ពេលនោះ ក្រុមហ៊ុនមិនទទួលយកឡើយ ហើយពួកគេ ក៏បាននិយាយថា នឹងយករថយន្តថ្មីមកឲ្យ ហើយក៏យករថយន្តជជុះនោះទៅវិញបាត់រហួតដល់ពេលនេះ ។
មិនតែប៉ុណ្ណោះ នៅពេលឈ្មោះ ចូ ស៊ូពិន ធ្វើជាជំនួយការរបស់នាយកក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយឈ្មោះ ចូ សាមហ្សុង ជាឪពុក បានលួចដកសាច់ប្រាក់សុទ្ធរបស់ក្រុមហ៊ុនអស់ចំនួន ៧ ២០៥ ៨៨២ ដុល្លារទៀត ហើយរត់ទៅប្រទេសកូរ៉េ វិញ ទើបតែថ្មីៗនេះ បុរសជនជាតិកូរ៉េទាំង២នាក់ ឪពុក និងកូនបានមករស់នៅប្រទេសកម្ពុជាវិញ ដោយទិញ ខុនដូ រស់នៅ និងទិញរថយន្តមាក រ៉ង់រ៉ូវើ ពាក់ស្លាកលេខ ខ.ម មានអង្គរ័ក្សការពារជិះទៀត ទើបក្រុមហ៊ុនដែលរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕