ភ្នំពេញៈ កម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀនខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨នេះបានបញ្ជូនខ្លួនព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀននៅប៉ែកខាងលិច រាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ច និងតុលាការរកឃើញថា អតីតសង្ឃកំហូចនេះ មានផ្ទុកសារធាតុញៀន នៅក្នុងខ្លួន។
មន្ត្រីតុលាការថ្លែងថា ក្រៅពីមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន អតីតព្រះចៅអធិការវត្តមិនមានបទល្មើសព្រហ្មទណ្ឌផ្សេងទៀតទេ ទើបតំណាងអយ្យការបានសម្រេចឲ្យនគរបាលបញ្ជូនអន្ទិតគោលោតរូបនេះ ទៅមណ្ឌលបន្សាបគ្រឿងញៀន។
ចំពោះបទល្មើសជាប់សេពមេថុន អសុច្ចកៈកម្រើកចាកទី គឺជាអំពើល្មើសខាងពុទ្ធចក្រ ត្រូវបានផ្នែកធម៌វិន័យ សម្រេចផ្សឹក និងបណ្ដេញចេញពីវត្តរួចហើយ។
សូបញ្ជាក់ថា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានដាក់គ្នាតាមដានតាំងពីព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញ ក៏ឃើញព្រះចៅអធិការវត្តជិះម៉ូតូឌុបគ្នាជាមួយស្រីកំណាន់ចិត្តចេញពីផ្ទះឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះប្រជាពលរដ្ឋ បាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ណ នឹងស្រីកំណាន់ចិត្តប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោតែម្ដង។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋតាមដានទាន់ នឹងមានភស្តុតាង ជាក់ស្តែង ចំពោះទង្វើប្រាស់ចាកពីធម៌ព្រះពុទ្ធរបស់ព្រះតេជគុណ មាជ សុវណ្ណ សមត្ថកិច្ចសម្រេច ឃាត់ខ្លួនប្រគល់ឲ្យអនុគុណ និងមន្ត្រីធម្មការខណ្ឌដង្កោ បន្តនីតិវិធីទៅតាមច្បាប់វិន័យព្រះពុទ្ធសាសនា។
សមត្ថកិច្ចបន្តទៀតថា ជុំវិញនឹងករណីខាងលើនេះ ព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ បានមានសង្ឃដីកាសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្តនូទង្វើបែបនេះមែន ហើយព្រះអង្គក៏សុំទោសដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាកសិក្ខាបទពីព្រះពុទ្ធសាសនា ទៅរស់នៅធម្មតាដូចពលរដ្ឋទូទៅវិញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាក់ទៀតថា ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែសម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់ ក្រោយពីពិនិត្យឃើញថា បុគ្គលនេះពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយចុងក្រោយតំណាងអយ្យការបានសម្រេចបញ្ជូនអន្ទិត មាស សុវណ្ណ ទៅមណ្ឌលបន្សាបគ្រឿងញៀន៕