header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍១គ្រឿងមិនស្គាល់ម៉ាក បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងពីក្រោយយ៉ាងពេញទំហឹងតែម្តង ខណៈបើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្តាលឲ្យជនរងគ្រោះ២នាក់ យាយនិងចៅ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃពុធ ៣កើត ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨A  ក្បែរការ៉ាស់សាំងសុវណ្ណគិរី នៅត្រង់ចំណុចផ្លូវបំបែកជាបី ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

លោក ហួត បូរី អធិការនគរបាលក្រុងបានលុង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ លាង អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រងរបួសធ្ងន់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី1A-3056។ ចំណែកចៅស្រីឈ្មោះ ស្រី ម៉ី អាយុ៤ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ អ្នកទាំង២នាក់ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោកអធិការបន្តថា រថយន្តបង្កក្រោយកើតហេតុ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកជនរងគ្រោះដេករណូករណែលពេញផ្លូវតែម្តង។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលចរាចរណ៍យកម៉ូតូទៅរក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីស្វែងរករថយន្តបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post