header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ លោកស្រី ប៉ សៅធិតា អភិបាលរងស្រុកលំផាត់ ​រងការចោទប្រកាន់ថា បានចូលកាន់កាប់ដីរដ្ឋមួយកន្លែងទំហំ៤០ម៉ែត្រគុណ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្ដម  ដោយមិនស្របច្បាប់។

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី ប៉ សៅធិតា បច្ចុប្បន្នមានឋានៈជាអភិបាលរងស្រុកលំផាត់ បានបញ្ជាឲ្យគេដឹកគ្រឿងចក្រចំនួនពីរគ្រឿង ចូលទៅទីតាំងដីដូចខាងលើ ដើម្បីធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយសម្អាងថា មានលិខិតកាន់កាប់ប្រថាប់ត្រាពីលោកមេភូមិ និងលោកមេឃុំចាស់ត្រឹមត្រូវ ។

ប្រភពដដែល បានបន្ដឲ្យដឹងទៀតថា ពេលកម្មករចាប់ផ្ដើមបើកគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយនៅលើដីនោះ មួយសន្ទុះក្រោយមកលោក នូ ថេរ អភិបាលស្រុកលំផាត់ ក៏បានឲ្យកម្លាំងសមត្ថកិច្ចចុះទៅឃាត់គ្រឿងចក្ររបស់លោកស្រីអភិបាលរងស្រុករូបនោះ ហើយប្រាប់ថា ជាដីព្រលានយន្ដហោះទេ រួចក៏នាំយកទៅធ្វើការសាកសួរតាមផ្លូវច្បាប់។

ក្រោយពីអភិបាលស្រុកធ្វើការឃាត់គ្រឿងចក្រ លោកស្រី ប៉ សៅធិតា អភិបាលរងស្រុករូបនោះបានបកស្រាយឲ្យអ្នកសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា កាលដែលលោក នូ ថេរ សម្រេចឲ្យគេឃាត់គ្រឿងចក្រនោះ យើងមិនបានដឹងពីមូលហេតុនោះទេ? ព្រោះថា កាលម្ដាយខ្ញុំបានទិញដីនោះតពីគេកាលណោះពុំមានអ្នកណា? ទៅជំទាស់ឬហាមឃាត់នោះឡើយ។  ហើយលោកស្រីអភិបាលរងស្រុកលំផាត់រូបនោះធ្វើការព្រមានមកលើអ្នកសារព័ត៌មានពីរចំណុចថា ទី១ អ្នកសារព័ត៌មានមានសិទ្ធិស្អី ចង់ពិនិត្យឯកសារ រឿងដីធ្លី?  ទី២ ប្រសិនអ្នកសារព័ត៌មានផ្សាយបំផ្លើសពីការពិតនោះ គឺត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមានជាពុំខាន។

លោកស្រីអភិបាលរងស្រុក បានបន្ដឲ្យដឹងទៀតថា ដីនោះមានទំហំ៤០ម៉ែត្រគុណនិងជម្រៅ១០០ម៉ែត្រ កាលណោះមានមេភូមិលំផាត់ និងមេឃុំជ័យឧត្ដមចាស់ ជាអ្នកដឹងឮ និងបានចេញលិខិតឲ្យកាន់កាប់។ យើងឈូសដីនោះ ដើម្បីធ្វើផ្ទះឲ្យម្ដាយជាស្រ្ដីមេម៉ាយ បានមករស់នៅជាប់ផ្លូវជាតិលេខ៧៦ ព្រោះនៅភូមិចាស់ ដែលមានទីតាំងនៅតាមមាត់ទន្លេ មានសភាពស្ងប់ស្ងាត់ពេក។

លោក មិន ប៊ុនធិន ប្រធានការិយាល័យភូមិបាលស្រុកលំផាត់ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យអ្នកសារព័ត៌មាន​តាមទូរស័ព្ទថា ករណីដែលអាជ្ញាធរស្រុកលំផាត់ឃាត់គ្រឿងចក្រពីរគ្រឿងរបស់លោកស្រី ប៉ សៅធិតា ដែលជាអភិបាលរងស្រុកនោះ លោកពុំបានដឹងទេ តែលោកទទួលស្គាល់ចំណាត់ការរបស់អភិបាលស្រុកថា ត្រឹមត្រូវតាមច្បាប់។

ប្រធានភូមិបាលស្រុកលំផាត់ បានបញ្ជាក់ឲ្យដឹងទៀតថា ដីដែលលោកស្រីអភិបាលរងស្រុកដាក់គ្រឿងចក្រឈូសឆាយនោះ គឺជាដីព្រលានយន្ដហោះរបស់រដ្ឋជាអ្នកគ្រប់គ្រង់រក្សាទុកសម្រាប់តម្រូវការណាមួយនៅថ្ងៃខាងមុខ។ ជាពិសេស ដីនេះ គឺជាដីទីទួលសុវត្ថិភាពរបស់ប្រជាពលរដ្ឋរស់នៅតាមជួរមាត់ទន្លេសព្វថ្ងៃ ខណៈដែលជន់លិចពីទឹកជំនន់ជារៀងរាល់ឆ្នាំ។

ប្រធានភូមិបាលស្រុកលំផាត់ បន្តថា ដីនោះខាងអាជ្ញាធរមិនបានបង្កលក្ខណៈផ្ដល់លិខិត ឬប័ណ្ណកាន់កាប់ដល់ជនណាម្នាក់ឡើយ ក៏ប៉ុន្ដែកន្លងមកប្រជាពលរដ្ឋ ដែលទិញលក់ដី នៅចំណុចដូចខាងលើ គឺធ្វើឡើងតែត្រឹមថ្នាក់ភូមិ និងឃុំតែប៉ុណោះ។

លោក នូ ថេរ អភិបាលស្រុកលំផាត់ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការសម្រេចឃាត់គ្រឿងចក្ររបស់អភិបាលរងស្រុកមួយរូប គឺលោកស្រី ប៉ សៅធិតា នោះដោយសារគេបាននាំគ្រឿងចក្រចូលទៅឈូសឆាយដីរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិដោយបំពានច្បាប់។

លោកអភិបាលស្រុកលំផាត់ បានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះយើងបានឲ្យខាងមេភូមិលំផាត់ និងមេឃុំជ័យឧត្ដមធ្វើការត្រួតពិនិត្យឡើងវិញទៅលើឯកសារកាន់កាប់ដីរបស់អភិបាលរងស្រុករូបនោះឡើងវិញរួច បញ្ជូនសំណុំរឿងមកឲ្យខាងស្រុកដើម្បីមានវិធានការបន្ដ។ ចំណែក​គ្រឿងចក្រ ក្រោយពីណែនាំម្ចាស់រួច យើងបានដោះលែងនៅថ្ងៃបន្ទាប់មកនោះ។

ប្រភពដោយឡែក បានកត់សម្គាល់ថា ក្រោយពីមានការបង្ហោះសារមួយរបស់ក្រសួងមហាផ្ទៃស្ដីពីការស្នើសុំស្រាវជ្រាវសិក្សារតំបន់ស្រុកលំផាត់ និងស្រុកកោះញ៉ែក ដើម្បីបង្កើតខេត្ដថ្មីកាលពីចុងខែសីហា ឆ្នាំ២០១៨ ក្រោយមកក៏មានការផុលផុសពីអ្នកមានលុយមានអំណាច មួយចំនួនបាននាំគ្នាសម្រុកទិញដីនៅក្នុងភូមិសាស្រ្ដស្រុកទាំងពីនោះ ជាពិសេសដីនៅអែបផ្លូវជាតិលេខ៧៦ គឺទុកសម្រាប់លក់បន្ដយកផលចំណេញ។

ចំណែកលោកស្រី ប៉ សៅធិតា អភិបាលរងស្រុកលំផាត់វិញ សង្ស័យគាត់ខ្លាចគេចូលកាន់កាប់ដីរបស់ម្ដាយលោកស្រី ក៏ប្រញាប់ដាក់គ្រឿងចក្រឈូសឆាយដីនោះ ដោយបំពានច្បាប់ហើយត្រូវអភិបាលស្រុកឃាត់តែម្ដងទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post