
រូបភាព៣សន្លឹករបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិនៃការជួបជុំជាមួយក្រុមគ្រួសាររបស់លោក ត្រូវបានទម្លាយឱ្យដឹងតាមរយៈគណនេយ្យហ្វេសប៊ុករបស់លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យរបស់លោក កឹម សុខា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

តាមរយៈរូបភាពទាំង៣សន្លឹកនេះ បានបង្ហាញពីទិដ្ឋភាពម្តាយចាស់ជរារបស់លោក កឹម សុខា បានឱបកូនប្រុសរបស់គាត់ ដោយក្តីនឹករលឹក ដោយមានលោកស្រី តែ ច័ន្ទមនោ ជាភរិយានៅក្បែរនោះផង។ ជំនួបដ៏កម្ររវាងម្តាយ និងកូននេះ ទំនងជាបានធ្វើឡើងនៅមុនពេលពិសារអាហារ នៅថ្ងៃទី១៦ ខែកញ្ញានេះ។

ទោះជាយ៉ាងណាក៏ដោយ លោក មុត ចន្ថា មិនអាចបញ្ជាក់បានទេថាតើជារូបភាពនេះ ជារូបភាពចាស់ ឬថ្មីនោះទេ។ ម្យ៉ាងទៀត រូបថតទាំងនេះមិនបានឃើញបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កឹម សុខា ឡើយ។
លោក មុត ចាន់ថា ជំនួយការលោក កឹម សុខា បានសំដែងអារម្មណ៍ថា៖ ខ្ញុំពិតជាមានសេចក្តីរីករាយ និងរំភើបណាស់ ដែលបានឃើញ ឯកឧត្តម កឹម សុខា បានជួបជុំជាមួយអ្នកម្តាយជាទីគោរព និងភរិយា ជាទីស្រឡាញ់របស់លោក។ សូមគោរពជូនពរលោកយាយ និងលោកប្រធាន ព្រមទាំងអ្នកមីង មានសុខភាពល្អពេញបរិបូរណ៍ និងអាយុយឺនយូរ។
គួររំលឹកថា កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញបានចេញដីកាដោះលែងលោក កឹម សុខា ឱ្យឃុំជាបណ្ណោះអាសន្នដោយសារបញ្ហាសុខាភាព ប៉ុន្តែបានហាមឃាត់ លោក កឹម សុខា មិនឱ្យជួបជាមួយជនបរទេស និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ លើកលែងតែក្រុមគ្រួសាររបស់លោក មេធាវី និងគ្រូពេទ្យប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បើតាមរូបភាពនៃការជួបជុំរបស់លោក កឹម សុខា នេះគឺជាលើកទី១ហើយ ដែលលោក កឹម សុខា បានជួបជុំជាមួយក្រុមគ្រួសារ ជាពិសេសម្តាយចាស់ជរា បន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំនិង៧ថ្ងៃ។