header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឲ្យស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោក ឧត្តមសេនីយ៍ឯក ស ថេត ឲ្យបន្តពិនិត្យឡើងវិញ ជុំវិញការធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដើម្បីធានាថា ប្រជាពលរដ្ឋបានធ្វើ និងមានអត្ថសញ្ញាណប័ណ្ណគ្រប់ៗគ្នា។

ថ្លែងក្នុងពិធីតែងតាំង មុខតំណែង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នាស្នងការនគរបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ស្នងការថ្មី ត្រូវមើលបញ្ហានេះ ឲ្យបានខ្លាំងក្លា ។ ព្រោះនេះ ជាបញ្ហាមួយ ដែលប្រជាពលរដ្ឋបានលើកឡើង ថា សមត្ថកិច្ចមិនសូវយកចិត្តទុកដាក់ ដើម្បីលុបបំបាត់នូវការរិះទាំងនោះ សមត្ថកិច្ចនគរបាលត្រូវតែនាំគ្នាធ្វើឲ្យបានល្អ ព្រោះវាជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

លោក អភិបាល បញ្ជាក់ទៀតថា ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាល ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនេះ គឺស្របទៅនឹងអ្វី ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបានដាក់ចេញធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់មានការថ្លាំងថ្នាក់ចិត្ត ។ លោកអភិបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការ តាមច្បាប់កងកម្លាំង ចំពោះមន្រ្តីនគរបាល ក្នុងរាជធានីភ្នំពេញ ដែលអសកម្ម ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោក សន្តិបណ្ឌិត ចាន់ អៀន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងរបស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញផងដែរ ដល់ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែន ព្រោះថា រាជធានីជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាបណ្តុំអ្នកវិនិយោគ អ្នកទេសចរ និងជាកន្លែងក្បាលម៉ាស៊ីដឹកនាំប្រទេសដ៏សំខាន់បំផុត ដែលទាមទារឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មានកិច្ចសហការគ្នា និងមានទំនួលខុសត្រូវខ្ពស់។

លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវមកកាន់តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្តេជ្ញាបន្តអនុវត្តឲ្យបានល្អ នូវតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានប្រគល់ឲ្យបន្តធ្វើជាសេនាធិការឲ្យរដ្ឋបាលរាជធានីភ្នំពេញ បំពេញឲ្យបានល្អនូវភាពចន្លោះប្រហោងទាំងឡាយណា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ជាពិសេស រួមសហការជាមួយស្ថាប័នពាក់ព័ន្ធ រក្សាការពាឲ្យបាន សន្តិសុខ សណ្តាប់សាធារណៈ ក្នុងរាជធានីភ្នំពេញឲ្យបានល្អ ស្រមតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ត្រូវមកកាន់តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួស លោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងរនគរបាលជាតិ ដែលត្រូវបានចូលនិវត្តន៍ និងទៅកាន់មុខតំណែងថ្មី ជាអនុប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post