រតនគិរីៈ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ក្រោយពីរូបគេចុះទៅងូតទឹក ហើយបានផុតជើងធ្លាក់ចូលទឹកជ្រៅ ខណៈដែលទឹកគួចខ្លាំងផងនោះ។
ហេតុការណ៍ក្មេងលង់ទឹកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចកំពង់ទឹកចម្ការចាស់ឈ្មោះ ចាវ៉ាន់(អូរទុក) ឋិតក្នុងភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
សពក្មេងប្រុសរងគ្រោះ ឈ្មោះ ហ៊ីម សារិន អាយុ១០ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិកើតហេតុខាងលើ។ មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានចុះទៅមុជទឹកនៅចំណុចខាងលើ ខណៈដែលទឹកនៅទីនោះមានជម្រៅជ្រៅ ថែមទាំងគួចខ្លាំងផងនោះ ហើយក្មេងប្រុសរងគ្រោះតែងតែមុជទឹកឆ្ងាយពីមនុស្សចាស់ ទើបបណ្ដាលឲ្យលង់ស្លាប់តែម្ដង៕