
នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការគ្រប់គ្រងឆ្នេរ បានថ្លែងប្រាប់ថា គណៈកម្មការគ្រប់គ្រងឆ្នេរ ដែលមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និងចាត់វិធានការចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ។

គណៈកម្មការគ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យទិដ្ឋភាពច្បាប់ជុំវិញករណីនេះ ហើយអាចឈានទៅកំណត់ឲ្យក្រុមហ៊ុន កាយដីចេញពីតំបន់ដែលបានចាក់លុប ឬអនុវត្តវិធានការច្បាប់ជាបន្ដបន្ទាប់ ព្រោះរាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ថោង ខុន។
អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការគ្រប់គ្រងឆ្នេរ បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែងកំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតដោយកំណត់ឱ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ពីឆ្នេរសមុទ្រ។

ដោយឡែក ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ហាទឹកកង្វក់ចូលសមុទ្រគឺដោយសារការអភិវឌ្ឍន៍។
សូមបញ្ជាក់ ថាក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបង្កឱ្យមានការផ្ទុះនូវពាក្យរិះគន់យ៉ាងខ្លាំង គឺជាក្រុមហ៊ុនរបស់មនុស្សដ៏មានឥទ្ធិពលគឺ លោកស្រី ជឹង សុភាព ហៅយាយភូ។
ប៉ុន្តែកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ សកម្មភាពចាក់ដីចូលសមុទ្ររបស់ក្រុមហ៊ុន លោកស្រី ជឹង សុភាព ហៅយាយភូ បានបញ្ឈប់ហើយ។


