កំពង់ឆ្នាំៈ ប្រភពព័ត៌មានពីសាលាស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះ មន្ត្រីជំនាញ៤ស្ថាប័ន និងចុះមកប្រជុំដោះស្រាយរឿងទំនាស់ដីធ្លី នៅក្នុងសាលាស្រុកសាមគ្គីមានជ័យ ក្នុងរឿងប្រជាពលរដ្ឋ៧គ្រួសារ នៅក្នុងភូមិតាំងឃ្លៃ ឃុំស្វាយជុក ដែលបានដាក់ពាក្យបណ្តឹងទៅថ្នាក់លើ ដោយចោទថា លោកស្រី ប៉ែន សោភា មេឃុំស្វាយជុក ឃុបឃិតជាមួយប្រជាពលរដ្ឋនៅភូមិផ្សេង ឃុំផ្សេង បានលួចលក់ដីពួកគាត់ជាង៤០ហិកតា។
ដោយឡែក ប្រជាពលរដ្ឋ៧គ្រួសារជាម្ចាស់ដី បានឲ្យដឹងថា នៅក្នុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានមន្ត្រីនគរបាលស្រុក ចុះមកហៅពួកគាត់ទាំង៧គ្រួសារ ដើម្បីធ្វើកំណត់ហេតុបំភ្លឺរឿងប្រវត្តិដីធ្លី ដែលកំពុងមានទំនាស់ខាងលើនេះ ហើយក្នុងពេលនោះដែរ មន្ត្រីនគរបាលស្រុកបានដេញដោលសួរនាំពួកគាត់រកអ្នកណារត់ការហើយយកពាក្យបណ្តឹង ប្តឹងទៅអ្នកណាខ្លះ... តែបញ្ហានេះប្រជាពលរដ្ឋអត់បានឆ្លើយទេ ព្រោះរឿងដាក់ពាក្យបណ្តឹងទៅអ្នកណាជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ តែតាមពួកគាត់ឲ្យអ្នកយកព័ត៌មានយើងដឹងនោះ គឺបណ្តឹងពួកគាត់ត្រូវបានមន្ត្រីអង្គរក្សបញ្ជូនទៅជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ជួយដោះស្រាយ ។ ព្រោះតែភាគីឈ្មួញទិញដី គេអួតថា គេមានខ្នងអ្នកធំៗនៅថា្នក់ជាតិជួយពួកគេ ដោយឲ្យពួកគាត់ទទួលយកការដោះស្រាយក្នុងមួយគ្រួសារចំនួន៤ពាន់ដុល្លាទៀតផង ជាជាងគេយកដីពួកគាត់ទទេ ដោយអត់បានលុយ។
សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា មន្ត្រីទាំងអស់ជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្រ្តឡើយ។ សម្តេចក៏ធ្លាប់កើតឡើងថា ដីទាំងអស់នោះរបស់ម៉ែឪលោកឯងហ្អី បានជាប៉ាកាច់មិនព្រមឲ្យរាស្ត្របាន បើឲ្យបានឲ្យគាត់ទៅ ទោះបានទៅអ្នកណាក៏បានទៅ ប្រជារាស្ត្ររបស់យើងទេតើ៕