header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ការងារអ្វីក៏ដោយយើងមិនត្រូវទុកឲ្យនៅដដែលទេ ថ្វីបើយើងជោគជ័យប៉ុណ្ណាក៏ដោយ  ព្រោះជីវិតត្រូវតែប្រែប្រួលជានិច្ច និងតែងតែបានឆ្លុះបញ្ចាំង ចំណុចដែលយើងត្រូវកែលម្អ ហើយបើគ្មានការកែលម្អ និងការធ្វើកំណែទម្រង់ទេ នោះភាពអន់ថយនឹងកើតឡើងភ្លាម ហើយការងារ គ.ជ.ប ក៏ដូចគ្នានេះដែរ គ.ជ.ប និងធ្វើកំណែទម្រង់ និងការវះកាត់ផ្ទៃក្នុងខ្លួន ដើម្បីធ្វើយ៉ាងណាបម្រើម្ចាស់សន្លឹកឆ្នោតឲ្យកាន់តែប្រសើរ ដើម្បីផលប្រយោជន៍រួម ក្នុងនាមជាខ្មែរ។ នេះបើតាមការលើកឡើងរបស់លោក​ ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្របខេត្តកំពត ។

លោក​ប្រធានបន្តថា ធ្វើអ្វីក៏ដោយត្រូវរៀបចំផែនការកំណត់គោលដៅឲ្យបានច្បាស់ ទើបរូបលោកត្រូវរៀបចំក្បាលម៉ាស៊ីន ដើម្បីនឹងដឹកនាំ ហើយអ្នកណាអ្នកធ្វើឲ្យសម្រេចទិសដៅនោះ អ្នកនោះ គឺទទួលបានជោគជ័យ ហើយនោះហើយ គឺជាកំណែទម្រង់ដែលលោកនឹងរៀបចំនាពេលខាងមុខនេះ ព្រោះធ្វើអ្វីក៏ដោយ គឺទាមទាឲ្យកំណែទម្រង់ឲ្យសមស្រប ទៅតាមការវិវដ្តរបស់សង្គមរបស់មនុស្ស យើងមិនទុកនៅដដែលបានទេ ទោះលទ្ធលផល្អជោគជ័យហើយក៏ដោយ។

លោក​ ប្រធានបានស្នើឲ្យមន្ត្រីជំនាញ គ.ជ.ប និងអ្នកពាក់ព័ន្ធ ត្រូវមានគំនិតយោគយល់ ថាអ្វីដែលយើងធ្វើ អ្វីដែលយើងគោរពតាមទាំងនេះ គឺដើម្បីផលប្រយោជន៍យើងទាំងអស់គ្នាក្នុងនាមជាខ្មែរ មិនប្រកាន់ឋានៈ បក្សពួកនយោបាយទេ ហើយការងា គ.ជ.ប ជាការងារធំត្រូវប្រឈមមុខច្រើន ដូច្នេះការដឹកនាំត្រូវតែម៉ឺងម៉ាត់ និងត្រូវវះកាត់ផ្ទៃក្នុងមួយចំនួនដើម្បីភាពល្អប្រសើរ។

នៅក្នុងឱកាសដ៏ពិសេសពិសាលនោះ លោក​ក៏បានលើកឡើងដែរថា ជាទូទៅការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្ក​ដា ឆ្នាំ២០១៨ ត្រូវបានមតិជាតិ និងអន្តរជាតិ ភាគច្រើន វាយតម្លៃថា បានប្រព្រឹត្តនៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម លទ្ធិប្រជាធិបតេយ្យ ហើយការបោះឆ្នោតត្រូវបានរៀបចំកាន់តែល្អប្រសើរឡើង ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ។ លោកយល់ថា ជោគជ័យទាំងនេះ ប្រព្រឹត្តទៅបានដោយសារមានការរួមចំណែកដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់ពីស្ថានប័ន និតិបញ្ញាតិ និតិប្រតិបត្តិ ក្រុមប្រឹក្សាធមនុញ្ញ គណបក្សនយោបាយ ប្រទេសផ្តល់ជំនួយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលទៅបោះឆ្នោតយ៉ាងច្រើនកោះក ប្រកបដោយទឹកមុខរីករាយនឹងគ្មានការភ័យក្លាច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post