header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ លទ្ធផលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧ .២០១៨ បានចេញជាផ្លូវការនៅទូទាំងប្រទេស នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។

ដោយឡែក ក្នុងខេត្តរតនគិរីលទ្ធផលបានបង្ហាញថា បេក្ខជនបានប្រឡងជាប់ចំនួន ៧២១ នាក់ ក្នុងចំណោមបេក្ខជន ៩០៧ នាក់ ដែលបានចូលរួមប្រឡងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨ កន្លងមកនេះ ។

ក្នុងនោះមាននិទ្ទេស A ចំនួន ១នាក់ និទ្ទេស Bចំនួន ៣នាក់ និទ្ទេស C ចំនួន ៤៩ នាក់និទ្ទេស Dចំនួន១៩៦ នាក់ និងនិទ្ទេស E ចំនួន ៤៧២ នាក់។

ចង់ដឹងពីជីវិតពិតរបស់សិស្ស ដែលជាប់និទ្ទេស A នោះយ៉ាងណា អ្នកយកព័ត៌មាន បានទាក់ទងតាមទូរស័ព្ទទៅប្អូនប្រុស ឈ្មោះ ម៉ក់ យិត អាយុ១៩ ឆ្នាំ ដែលបានប្រឡងជាប់និទ្ទេស A បានរៀបរាប់ឲ្យដឹងថា ប្អូនមានស្រុកកំណើតនៅភូមិ ស្រម៉ ឃុំក្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែល មានឪពុក ឈ្មោះ តាន់ មាឃ អាយ ៤២ឆ្នាំ ម្ដាយឈ្មោះ កាន យ៉ាន់ អាយុ ៤០ឆ្នាំ បច្ចុប្បន្ន ឪពុកម្ដាយរបស់ប្អូនប្រុសធ្វើជាកម្មករ នៅប្រទេសថៃ។ ប្អូនប្រុសមានបងប្អូនចំនួន ៤នាក់ស្រី ១ ប្រុស ៣ ហើយប្អូនប្រុស ជាប្អូនទី២ ។

ប្អូនប្រុស ម៉ក់ យិត បានរៀបរាប់បន្តថា ប្អូនបានមក សិក្សារៀនសូត្រនៅក្នុងខេត្តរតនគិរីម្នាក់ឯង រយៈពេល ៣ឆ្នាំ មក ហើយគឺបានសិក្សានៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ តាំងពីថ្នាក់ទី១០ មកម្ល៉េះ ហើយបច្ចុប្បន្នប្អូនបានស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយឆ្លៀតពេលទំនេរពីការសិក្សារៀនសូត្រ ប្អូន តែងតែ ស៊ីឈ្នួលរៀបចំឥវ៉ាន់លក់ដូរឲ្យគេ ដើម្បីបានថវិកាមកជួលបន្ទប់ស្នាក់នៅ និងឧបត្ថម្ភខ្លួនឯង ក្នុងការសិក្សា ។

យុវជនដែលជាប់និទ្ទេស Aរូបនេះ ក៏បានរំលឹកផងដែរ អំពីការលំបាកគ្រប់បែបយ៉ាង ដែលខ្លួនបានបែកឆ្ងាយពីឪពុកម្ដាយបងប្អូន មករស់នៅម្នាក់ឯងក្នុងទឹកដីនៃខេត្តរតនគិរី តែការលំបាកទាំងអស់នោះ បានជំរុញឲ្យប្អូនខិតខំប្រឹងប្រែងធ្វើការងាររកប្រាក់ និងខិតខំប្រឹងប្រែងរៀនសូត្រ ដោយសង្ឃឹមថា ថ្ងៃណាមួយ ជីវិតរបស់ខ្លួន នឹងបានល្អប្រសើពីការខិតខំប្រឹងប្រែងទាំងនេះ។

ពេលនេះក្ដីស្រមៃរបស់ប្អូនប្រុសបានក្លាយជាការពិត ដោយប្អូនប្រុសបានប្រឡងជាប់និទ្ទេសA ថ្នាក់វិទ្យាសាស្រ្ត ដោយទួលបានពិន្ទុ ៩៩.៨៨៥ ។ ដែលលទ្ធផលនេះ ធ្វើឲ្យប្អូនប្រុសមានការសប្បាយរីករាយយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post