header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខណៈទំនាក់ទំនងកម្ពុជា-ចិន ឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយហើយនោះ មានក្រុមហ៊ុនឯកជនរបស់ចិន បានបង្ហាញគោលជំហរបង្កើតសាលារៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដើម្បីឲ្យសិស្ស-និស្សិតនៅកម្ពុជា កាន់តែមានភាពងាយស្រួលក្នុងការសិក្សា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ដោយខាងក្រុមហ៊ុនចិន បានបញ្ជាក់ថា ខ្លួនទទួលបានជោគជ័យខ្ពស់ ក្នុងការបង្កើតសាលាអនឡាញនេះ នៅប្រទេសចិន។

នេះជាការបញ្ជាក់របស់លោក ឡៅ ហ៊ឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបានធ្វើឡើងក្រោយជំនួប រវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ជាំង ហៅ អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Join Capital Investment & Management Co.,LTD លោក វិន ធានអ៊ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Hangu Education Technology Co.,LTD និងលោក ហ៊ង ហ៊ អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូអ៊ិលធីឌី។

លោក ឡៅ ហ៊ឹម បានឲ្យដឹងថា ក្រុមហ៊ុនចិននេះ មកជម្រាបដំណឹងថា ពួកគេនឹងបង្កើតសាលាឯកជននៅកម្ពុជា តាមរយៈការរៀនតាមអនឡាញ ហើយក្រុមហ៊ុននេះ ក៏ធ្លាប់វិនិយោគច្រើននៅប្រទេសចិន ដែលមានថវិកាវិនិយោគរហូតដល់រាប់ពាន់លានដុល្លារ។

លោក ឡៅ ហ៊ឹម បន្តថា បើតាមការគ្រោងទុករបស់ក្រុមហ៊ុនចិន សាលាអនឡាញនោះ នឹងបង្កើតនៅអំឡុងឆ្នាំ២០១៨នេះ ប៉ុន្តែទោះយ៉ាងណាភាគីពាក់ព័ន្ធ ក៏ត្រូវជជែកពិភាក្សាគ្នា និងសុំអនុញ្ញាតច្បាប់ បំពេញបែបបទនានាជាបន្តបន្ទាប់ទៀត ដើម្បីជំរុញឲ្យសាលាអនឡាញនេះចេញជារូបរាងឲ្យបានឆាប់ ខណៈក្រុមការងារមួយចំនួនដែលជាដៃគូរបស់ក្រុមហ៊ុនខាងលើ ក៏កំពុងបើកការបង្រៀនសិស្សតាមអនឡាញជាបណ្ដើរៗហើយដែរ។

លោកថា ការបង្កើតសាលាអនឡាញនេះ ធ្វើឡើងក្នុងគោលបំណងធំផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ឲ្យត្រូវនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពជា និយាយដោយឡែក និងនិយាយជារួម នៅក្នុងបណ្ដាប្រទេសអាស៊ានទាំងមូល។

លោកអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានបន្ថែមទៀតថា ជាការចាប់ផ្ដើមបង្កើតសាលានឹងបណ្ដុះបណ្ដាល មានជំនាញបច្ចេកវិទ្យា IT ទេសចរណ៍ ពាណិជ្ជកម្ម គណនេយ្យ និងជំនាញផ្សេងៗទៀត ដែលសាលានឹងពង្រីកជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីឲ្យស្របនឹងស្ថានភាពអប់រំ ធ្វើយ៉ាងណាត្រូវនឹងនីតិវិធី និងគោលការណ៍ នៃវិស័យអប់រំរបស់កម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post