លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងនឹងមិនទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីដឹកនាំបាតុកម្មប្រឆាំងនឹងសម្តេច ហ៊ុន សែន ដែលចូលរួមប្រជុំនៅ UN ទេ។ ក៏ប៉ុន្តែ គម្រោងនៃការធ្វើបាតុកម្មនេះ នឹងនៅតែធ្វើដដែល។
យោងតាមរបណ្តាញសង្គម Twitter នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានសរសេរសារជាភាសាអង់គ្លេស មានន័យជាភាសាខ្មែរ ថា៖ ខ្ញុំសូមអភ័យទោស ដែលខ្ញុំមិនអាចទៅចូលរួមធ្វើបាតុកម្មនៅទីក្រុងញូយ៉ក នៅថ្ងៃទី២៩ ខែកញ្ញា ដោយសារតែជាប់រវល់នឹងការងារផ្សេង។ យ៉ាងណា ខ្ញុំ សូមអរគុណជាខ្លាំងចំពោះអ្នកដែលទៅចូលរួមធ្វើបាតុកម្មដ៏សំខាន់មួយនេះ។
គួររំលឹកថា៖ កន្លងមក លោក សម រង្ស៊ី បានផ្សព្វផ្សាយខិត្តប័ណ្ណលើបណ្តាញសង្គមហ្វេសប៊ុកស្តីពីគម្រោងនៃការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងវត្តមានសម្តេច ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ដែលត្រូវទៅចូលរួមក្នុងកិច្ចប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាតិ ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
បំណងនៃការធ្វើបាតុកម្មរបស់អតីតគណបក្សប្រឆាំង គឺដើម្បីទាមទារឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់រដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតអាណត្តិទី៦។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជាយើងជាអនុប្រធាននៃកិច្ចប្រជុំ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់
៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។