ភ្នំពេញៈ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលវង់ ចាប់វាយខ្នោះ ខណៈអង្គុយចាំប៉ុនប៉ុងជះទឹកអាស៊ីដ ទៅលើប្រពន្ធចុង ជាលើកទី២ តែត្រូវគេឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកសុំឆែកឆេរ ឃើញមានទឹកអាស៊ីដក្នុងកែវជ័រមួយ ទុកនៅលើម៉ូតូ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៖៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចជិតខារ៉ាអូខេ "យេស" ផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នារីរងគ្រោះ(ជាប្រពន្ធចុង)សុំមិនបញ្ចេញឈ្មោះ មុខរបរធ្វើការខារ៉ាអូខេ មានទីលំនៅក្នុងរាជធានីភ្នំពេញ ចំណែកជនសង្ស័យ(ជាប្ដី) ឈ្មោះ ស៊ឺង អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្នុងរាជធានីភ្នំពេញ។
នារីរងគ្រោះ បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ឲ្យដឹងថា រូបគេទាំងពីរនាក់ជាប្ដីប្រពន្ធនឹងគ្នា តែមិនបានចុះអេតាស៊ីវិលតាមច្បាប់ទេ ដោយបានសែនព្រេង រួមរស់ជាមួយគ្នា តែមិនចុះសម្រុងគ្នា ដោយបុរសជាប្ដីតែងតែប្រើអំពើហិង្សាទៅលើនាងជាច្រើនលើកច្រើនសារពេក ទើបនាងទ្រាំមិនបាន ក៏សម្រេចចិត្តលែងលះគ្នា ជាង១ឆ្នាំហើយ។
នារីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ មានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ-7840 ឌុបគ្នា មកធ្វើសកម្មភាពជះទឹកអាស៊ីត មកលើរូបនាង នៅក្បែរខារ៉ាអូខេ "យេស" តែចៃដន្យរូបនាងលោតគេចផុត ទឹកអាស៊ីដក៏ខ្ទាតទៅដំបូលកង់បីឥណ្ឌា បណ្ដាលឲ្យរលួចខ្ទេច ហើយជនសង្ស័យទាំង២នាក់នោះ ក៏បានជិះគេចខ្លួន ទើបរូបនាងបានយកទូរស័ព្ទថតបានពីចម្ងាយទុកដែរ ហើយរូបនាងមិនបានទៅដាក់ពាក្យបណ្ដឹងទេ រួចក៏ត្រឡប់ទៅផ្ទះបាត់ទៅ។
នារីរងគ្រោះបន្តថា លុះនៅវេលាថ្ងៃម៉ោង១៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ មាននារីម្នាក់ ដែលជាមិត្តភក្តិរបស់នាង បានតេទូរស័ព្ទប្រាប់នាងថា ឃើញបុរសម្នាក់ ដែលជាប្ដីរបស់នាង មកអង្គុយចាំនៅលើម៉ូតូងាកមើលឆ្វេងស្ដាំៗ នៅជិតខារ៉ាអូខេ "យេស" ដោយមានការសង្ស័យ ទើបប្រាប់នាងឲ្យប្រុងប្រយ័ត្នផង ឮដូច្នេះរូបនាងក៏បានហៅទូរស័ព្ទទៅបងប្រុសរបស់នាង ឲ្យជិះទៅមើលផង បន្ទាប់មកបងប្រុសរបស់នាងបានជិះទៅមើល ឃើញបុរសដែលជាប្ដីរបស់នាង កំពុងអង្គុយក្បែររទេះលក់សាច់គោអាំង ពិតប្រាកដមែន ទើបរូបនាងបានហៅទូរស័ព្ទទៅលេខ ០១២ ៩៩៩ ៩៩៩ ដែលជាលេខប្រចាំបញ្ជារបស់ស្នងការក្រុង រួចរាយការណ៍ប្រាប់ពីដំណើររឿង មួយសន្ទុះក្រោយក៏ឃើញកម្លាំងល្បាតប៉ុស្តិ៍នគរបាលវាលវង់ បានចុះមកដល់រួចធ្វើការសាកសួរ ហើយសុំឆែកឆេរ ឃើញមានដបទឹកអាស៊ីដ ទុកនៅលើម៉ូតូ របស់បុរសដែលជាប្ដីនោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនវាយខ្នោះ យកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរបន្តតែម្ដង។
ក្រោយសាកសួរជនសង្ស័យ បានឆ្លើយថា ទឹកអាស៊ីដដែលនៅលើម៉ូតូនោះ រូបគេបានទៅទិញនៅកន្លែងលក់អាគុយ បំណងយកមកគំរាមប្រពន្ធ ហើយសមត្ថកិច្ចក៏បានសួរទៀតថា តើកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ម៉ូតូរបស់ខ្លួន ម៉ាក ឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ-7840 បានឲ្យអ្នកណាខ្ចីជិះទេ? ជនសង្ស័យបានឆ្លើយថា អត់ទេ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយប្រាប់សមត្ថកិច្ចថា មុនពេលឃាត់ខ្លួន ម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ២០១៨ រូបគេបានជិះម៉ូតូខាងលើចេញពីផ្ទះសំណាក់ Lucky មកចំណុចខារ៉ាអូខេ "យេស" ដើម្បីតាមដានប្រពន្ធខ្ញុំ (ជនរងគ្រោះ) ដោយបានដាក់ទឹកអាស៊ីដ ក្នុងកែវជ័រ ដាក់តាមម៉ូតូ លុះពេលមកដល់ រូបគេបានអង្គុយផឹកស្រាបៀរអស់២-៣កំប៉ុង រហូតដល់ម៉ោង១:៣០នាទី ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្រាប់តែបងប្រុសរបស់ជនរងគ្រោះ និងសមត្ថកិច្ចចុះមកឃាត់ខ្លួន យកទៅប៉ុស្តិ៍តែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ រួមទាំងចម្លើយសារភាព និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបញ្ជូនសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕