header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ បុរសម្នាក់ ត្រូវបានគេសម្លាប់ ដោយការចាប់ចងស្លាបសេកបត់ដៃមកខាងក្រោយ និងយកខ្សែនីឡុងចងផ្អឹប រួចទម្លាក់ចូលទឹកទន្លេតែម្ដង។ សាកសពជនរងគ្រោះ ត្រូវបានប្រទះឃើញអណ្តែតទឹកនៅចំណុចក្នុងទឹកបឹងទួលតាម៉ិច ខាងលិចភូមិព្រែកលោក ចម្ងាយ៥.០០០ម៉ែត្រ ជាប់ព្រំប្រទល់ទឹកដីខេត្តកណ្ដាល និងខេត្តតាកែវ ស្ថិតនៅក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល កាលពីវេលាម៉ោង៩៖២១នាទីយប់ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។

តាមរបាយការណ៍របស់ប៉ូលិស បានឲ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ប៉ុន្តែអាចកំណត់បានថា ជាមនុស្សប្រុស អាយុប្រហែលជាង៣០ឆ្នាំ មានសម្បុរស កម្ពស់១,៨០ម៉ែត្រ ដោយស្លៀកខោខូវប៊យជើងវែង ពណ៌ទឹកប៊ិច ខ្សែក្រវាត់ពណ៌សូកូឡា ក្បាលខ្សែក្រវាត់មានអក្សរ GA ខោលីអូក្នុងពណ៌ខៀវម៉ាក STAMAN ពាក់អាវក្រណាត់ផ្កាដៃវែងពណ៌ក្រម៉ៅ សក់ខ្លីអង្គោះ មានរោមទ្រូង រោមខ្នង និងរោមពុកចង្កា ធ្មេញល្អិត ធ្មេញខាងលើផ្នែកខាងឆ្វេង មានដាំត្បូងពណ៌ស នៅកដៃខាងឆ្វេងមានពាក់កងដៃ (សាលូ) ក្រណាត់យឺតពណ៌ខ្មៅ មានអក្សរម៉ាក Adidas។

សេចក្ដីរាយការណ៍របស់អ្នកភូមិព្រែកលោក ប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦៖០០នាទីល្ងាច គាត់បានឃើញសាកសពមនុស្សអណ្តែតនៅក្នុងទឹកបឹង ត្រង់ចំណុចទួលតាមុិច ខាងលិចភូមិព្រែកលោក ចម្ងាយប្រហែល៥.០០០ម៉ែត្រ ជិតព្រំប្រទល់ដីខេត្តតាកែវ ស្ថិតក្នុងភូមិខាងលើ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលស្រុក បានចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ស្វែងរកសាកសពតាមការរាយការណ៍របស់ប្រជាពលរដ្ឋ រហូតដល់ម៉ោង៩៖២១នាទីយប់ ថ្ងៃដដែល ទើបប្រទះឃើញសាកសព ហើយរង់ចាំមន្ត្រីជំនាញការិយាល័យខេត្ត ចុះពិនិត្យសាកសព។

លុះនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ វេលម៉ោង៩៖០០នាទីព្រឹក មន្ត្រីជំនាញខេត្ត បានសហការជាមួយជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងប្រទះឃើញសាកសព ដើម្បីពិនិត្យសាកសព។

សមត្ថកិច្ចបានលើកសាកសពដាក់លើទូក យកទៅទីទួលដើម្បីពិនិត្យ ហើយការពិនិត្យឃើញថា ជនរងគ្រោះមានសភាពហើម របកស្បែក ដែលជាហេតុធ្វើឲ្យពិបាកក្នុងការពិនិត្យ។

សាកសពត្រូវបានរុំខ្សែនីឡុង ពណ៌ស ចំនួន៨ជុំ ប្រវែង១២,៥០ម៉ែត្រ ទំហំ១៦មីល្លីម៉ែត្រ បត់ខ្លួនមកមុខ ជង្គង់ទាំង២ ទល់នឹងចង្កា ដៃចងកដៃទាំង២មកក្រោយ ដោយខ្សែនីឡុង ពណ៌ស ទំហំ២០មីល្លីម៉ែត្រ ប្រវែង១២០សង្ទីម៉ែត្រ និងខ្លួនមានចងសណ្តូនដុំថ្មបេតុង (ជើងឆត្រ) រាងបួនជ្រុង មានអក្សរ KHB និងមានដងដែក បំពង់ទីប ថ្លឹងសរុបទម្ងន់៣៦គីឡូក្រាម។

ការពិនិត្យផ្នែកក្បាលជនរងគ្រោះ មានពាក់ស្រោមមុខក្រណាត់យឺតពណ៌ខ្មៅ និងមានក្រមាពោះគោពណ៌ក្រហមគ្របមុខនៅលើថ្ងាសខាងស្តាំ មានស្នាមរបួសទំហំ១សង់ទីម៉ែត្រ ជម្រៅដល់លលាដ៍ក្បាល កទន់បង្វិលបាន ផ្នែកមាត់ធ្មេញខាំអណ្តាត។ ផ្នែកដងខ្លួន និងអាវៈយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ឆ្លងតាមការពិនិត្យលើសាសពរបស់មន្ត្រីជំនាញ និងលោកគ្រូពេទ្យ គណៈកម្មការចម្រុះ បានធ្វើសេចក្ដី សន្និដ្ឋានថា ករណីនេះជាករណីឃាតកម្ម។

ក្រោយពីពិនិត្យចប់សព្វគ្រប់ យោងតាមរដូវទឹកឡើង ហើយនៅភូមិសាស្រ្តស្រុកកោះធំ ពុំមានទីទួលសុវត្ថិភាព ដើម្បីបញ្ចុះសាកសព សមត្ថកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋាន បានសម្រេចដឹកសាកសពយកទៅបញ្ចុះរក្សាទុកនៅទួលតានូយ ស្ថិតនៅក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីប្រកាសរកអត្តសញ្ញាណជនរងគ្រោះ និងស្វែងរកក្រុមគ្រួសារសាច់ញាតិ និងរង់ចាំក្រុមគ្រួសារសពមកទាក់ទង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post