header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ជនសង្ស័យម្នាក់ ដែលមាននាទីជាគ្រូបង្រៀន បានមានគំនិតទុច្ចរិតចង់ប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើសិស្សស្រីរបស់ខ្លួន ដែលនាងទើបតែមានអាយុ ១៣ ឆ្នាំ ទីបំផុតត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីរឿងនេះ ត្រូវបានបែកធ្លាយ ដោយសារតែមានប្រជាពលរដ្ឋប្រទះឃើញ ប៉ុន្តែក្រោយការចាប់ខ្លួន មិនបានប៉ុន្មានផង ស្រាប់តែជនសង្ស័យរូបនេះ បានដើរលេងយ៉ាងសង្ហារ នៅក្នុងភូមិវិញ ដែលធ្វើឲ្យ​ឪពុក.ម្តាយក្មេងស្រីរងគ្រោះ បញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំងលើបញ្ហានេះ ។

យោងតាមពាក្យបណ្តឹងរបស់គ្រួសាររងគ្រោះថា កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៤ រសៀល កូនស្រី របស់គាត់ឈ្មោះ រ ន រ អាយុ១៣ឆ្នាំ ត្រូវបានលោកគ្រូឈ្មោះ យ៉ុង ឆាត អាយុ៤០ឆ្នាំ រស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានណាត់ឲ្យទៅជួបនៅចំណុចខាងកើតរោងចក្រទឹកកក ចម្ងាយប្រហែល ១៥០ម៉ែត្រ ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

ពាក្យបណ្តឹងបានបន្ថែមថា ការណាត់ឲ្យទៅជួបនេះ គឺលោកគ្រូបានប្រើភាសាថា ឲ្យទៅយកលុយចាយ និងយករង្វាន់លើកទឹកចិត្ត នៅពេលនោះកូនស្រីរបស់គាត់ ក៏បានជិះម៉ូតូទៅ ដោយបានជួប នឹងលោកគ្រូនោះមែន ប៉ុន្តែនៅទីនោះ លោកគ្រូបានលួងលោមនាងដោយដោះអាវនាងអស់ ថែមទាំងស្ទាបនាងទៀត ហើយក៏ចង់រំលោភលើរាងកាយនាង ប៉ុន្តែនាងបានប្រើពាក្យថា នាងមិនបាននៅយូរទេ ព្រោះដល់ម៉ោងទៅរៀនកួរហើយ ទើបនាងបានងើបពាក់អាវវិញ រួចក៏បានជិះម៉ូតូចេញទៅ ។

នៅក្នុងការវិលត្រឡប់របស់នាង គឺមានសាក្សីម្នាក់ បានឃើញ ក៏បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារនាង ដោយភ្លាមៗ នោះដែរ ​ឪពុករបស់នាងបានជិះម៉ូតូយ៉ាងបន្ទាន់ទៅកាន់ចំណុចខាងលើ ក៏បានឃើញលោកគ្រូបង្រៀនរូបនេះ នៅកន្លែងនោះមែន ទើបវិលត្រឡប់មកកាន់លំនៅឋានដើម្បីសាកសួរពីដំណើររឿងទៅលើកូនស្រី ។

លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង៩និង៤០នាទីព្រឹក បន្ទាប់ពីលោកបានទទួលពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ ដែលជាអនីតិជនរួចមក លោកបានចាត់កម្លាំងចុះទៅឃាត់ខ្លួន ដោយមានសុំគោលការណ៍ពីលោក ព្រះរាជអាជ្ញាផងដែរ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តជាអ្នកចាត់ការបន្ត ។

ដោយឡែក លោក ប៊ន វណ្ណារ៉ា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានលើកឡើងថា ក្រោយពីបានពិនិត្យទៅលើសំណុំរឿងដែលរៀបចំដោយកម្លាំងអធិការស្រុកភ្នំព្រឹក ស្តីពីករណីប៉ុនប៉ងរំលោភទៅលើអនីតិជន និងក្រោយពីបានសាកសួរទៅលើដើមចោទ និងជនសង្ស័យរួចមក លោកក៏បានបញ្ជូនគ្រូបង្រៀនរូបនេះ ទៅកាន់សាលាដំបូងហើយ ដែលសំណុំរឿងនេះ គឺនៅលើលោកព្រះរាជអាជ្ញារង ហេង លុយ ជាអ្នកកាន់ ដោយឡែកនារីរងគ្រោះលោកក៏បានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ ឲ្យស្របទៅតាមផ្លូវច្បាប់។

អ្វីដែលធ្វើឲ្យក្រុមគ្រួសារនារីរងគ្រោះមានការខកចិត្តនោះ គឺ មិនបានប៉ុន្មានផង ស្រាប់តែគេឃើញគ្រូបង្រៀនរូបនេះ ដើរក្នុងភូមិ និងផឹកស៊ីលេងជាធម្មតា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ទាល់តែសោះ ដែលបញ្ហានេះ បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើន រិះគន់ទៅលើស្ថាប័នតុលាការថា តើកំហុសប៉ុនណា ទើបច្បាប់មានវិធានការ ព្រោះករណីនេះ ក្មេងស្រីដែលទើប និងមានអាយុ១៣ឆ្នាំ សោះ ហើយបានរៀបរាប់យ៉ាងច្បាស់អំពីសកម្មភាពរបស់លោកគ្រូនោះប៉ុណ្ណឹងទៅហើយ នៅតែគេមានសេរីភាពក្នុងការដើរហើរជាធម្មតាទៅវិញ។

ជុំវិញបញ្ហាដ៏សំខាន់នេះ នៅវេលាម៉ោង ១១ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ សារព័តិមានបានព្យាយាមសុំការបំភ្លឺតាមរយៈទូរស័ព្ទ ចំនួន ២ ប្រព័ន្ធ ពីសំណាក់លោកព្រះរាជអាជ្ញារង ហេង លុយ ដើម្បីចង់ដឹងអំពីចំណាត់ការរបស់តុលាការ ប៉ុន្តែលោកមិនបានទទួលទូរស័ព្ទទាំង ២ ខ្សែនោះឡើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post