ថៃៈ ក្រុមរកស៊ីគ្រឿងញៀនឆ្លងដែន២នាក់ ត្រូវបានសមត្ថកិច្ចថៃ បាញ់ប្រហារបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្នុងចំណោមបក្ខពួកប្រមាណ២០នាក់ ខណៈពួកគេបាន និងកំពុងដឹកជញ្ជូនថ្នាំញៀន៣ប្រភេទ ដែលមានចំនួនរាប់លានគ្រាប់ តាមខ្សែបន្ទាត់ព្រំដែន ភាគខាងត្បូង នៃប្រទេសថៃ ជាប់ជាមួយប្រទេសភូមា។
តាមរបាយការណ៍ពីប្រទេសថៃ ដែលសារព័ត៌មាន Cam Post ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ តាមខ្សែបន្ទាត់ព្រំដែនថៃ-ភូមា ក្នុងខេត្តឈៀងរ៉ាយ គឺមានជនសង្ស័យប្រមាណ២០នាក់ ដែលពួកគេបានដឹកជញ្ជូនថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីឆ្លងដែនចូលមកក្នុងប្រទេសថៃ។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះ កម្លាំងតម្រួតព្រំដែនថៃ ដែលមានគ្នាចំនួន៧នាក់ បានលបស្ទាក់ធ្វើការវាយប្រហារ ប៉ុន្តែត្រូវបានក្រុមជនសង្ស័យបាញ់រះមកមុន ព្រមទាំងបានគប់គ្រាប់បែកមកលើកម្លាំងផងដែរ ទើបសមត្ថកិច្ចថៃ ធ្វើការបាញ់ប្រហារតបតទៅវិញ អស់រយៈពេលប្រមាណជាង២០នាទី ទើបមានការស្ងប់ស្ងាត់ជាធម្មតា។
នៅលើទីតាំងសមរភូមិ គឺគេបានសង្កេតឃើញថា ជនសង្ស័យបានស្លាប់ចំនួន២នាក់។ ដោយឡែក អ្នកនៅសេសសល់បានរត់គេចខ្លួនបាត់ស្រមោល ដោយបានបន្សល់នូវគ្រឿងញៀនចំនួន២៦ការ៉ុង ក្នុងនោះ មានថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន២.៦៩២.០០០គ្រាប់ (ពីរលានប្រាំមួយសែនប្រាំបួនម៉ឺនពីរពាន់គ្រាប់) ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៦០គីឡូក្រាម និងហេរ៉ូអ៊ីន ប្រភេទម៉្សៅ ចំនួន៦ប្រអប់ និងប្រភេទរឹង ចំនួន៤ដុំ។
បច្ចុប្បន្នវត្ថុតាងដ៏ច្រើនលើសលប់ទាំងនេះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យអង្គភាពជំនាញ ដើម្បីយកទៅរក្សាទុក និងចាត់ការតាមនីតិវិធី៕