ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើននាក់ រួមនឹង ស្ត្រីរងគ្រោះបានដេញចាប់ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែរត់មិនរួច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចវិថីព្រះមុនីវង្ស កែងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ យ៉ា សារស់ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅផ្ទះលេខ៧១៦ ផ្លូវជាតិលេខ៥ ភូមិ២២ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
រីឯជនសង្ស័យឈ្មោះ ម៉េង គ័ង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្តុះផ្សារដេប៉ូ ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក និងឈ្មោះ សេង ផាន់ស៊ុន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅម្តុះផ្សារស៊ីលិប ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់កំពុងតែជិះម៉ូតូជាមួយកូនស្រី ដោយជិះម៉ូតូម៉ាក ស្កុបពី ពណ៌ខ្មៅ សុំមិនបញ្ចេញស្លាកលេខ បានធ្វើដំណើតាមបណ្ដោយវិថីព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង បត់ស្តាំចុះទៅផ្លូវលេខ១០៦ ខណៈពេលដែលកំពុងតែបត់ម៉ូតូ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GZ-១៤៤៩ ជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយនៅចង្កេះបានសម្រេច ព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែធ្វើឲ្យស្ត្រីរងគ្រោះខឹង ក៏ជិះដេញពីក្រោយស្រែកថា ចោរៗរហូតមកដល់ចំណុចស្តុបក្តាន់២ ដោយស្ថានភាពចរាចរណ៍ស្ទះផងនោះ ក៏ត្រូវប្រជាពលរដ្ឋចាប់បាន រួចនាំគ្នាស្វាគមន៍ ម្នាក់មួយដៃ មួយជើង របួសទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចកដើម្បីសួរនាំ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍ឃាត់ខ្លួនសួរនាំ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្តតាមនីតិវិធី៕