នៅព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងឱ្យចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិថ្មី ចំនួន៣រូប។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជាអគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិនោះ រួមមាន៖ ទី១៖ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ទី២៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និងទី៣៖ លោក ឧត្តមសេនីយ៍ឯក តេង សួន។
សូមបញ្ជាក់ថា មុនដំឡើងតំណែងជាអគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ជាប្រធានសេនាធិការ និងលោកឧត្តមសេនីយ៍ឯក តេង សួន ជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក។