លោក មាជ សុវណ្ណារ៉ា អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលទើបចេញពីពន្ធនាគារ បានអះអាងថា លោកមានរយៈ៥នាទី ថ្លែងក្នុងអង្គការសហប្រជាជាតិ ដោយលើកយកពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក មាជ សុវណ្ណារ៉ា បានលើកឡើងតាមរយៈវីឌីអូឃ្លីបយ៉ាងដូច្នេះថា «ខ្ញុំមានរយៈពេល៥នាទី ក្នុងការថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ យើងបាននិយាយពីបញ្ហានៃការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
លោកបានបន្តថា រយៈពេលប្រជុំនោះ លោកក៏បានលើកពីអ្នកជាប់ទោស ពិសេសនោះអ្នកទោសនយោបាយ ដែលជាប់ពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាព ការនិយាយស្តី និងការធ្វើបទ បង្ហាញទៅកាន់ប្រជាពលរដ្ឋឲ្យបានយល់ពីសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
លោកក៏បានអះអាងថា ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានឲ្យលោក លើកពីពេលដែលលោកបានជាប់ពន្ធនាគារជិត៤ឆ្នាំ មានការធ្វើបាបយ៉ាងដូចម្តេចខ្លះ និងធ្វើបាបបែបនយោបាយដែរ។
អតីតសកម្មជនបក្សប្រឆាំង ដែលទើបនឹងត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីថ្មីៗកន្លងមកនេះ បានឲ្យដឹងកាលពីម្សិលមិញថា លោកបាននឹងកំពុងចេញដំណើរទៅធ្វើសេចក្តីថ្លែងការណ៍ចំនួន៥នាទី ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ(UN) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ។
សូមជម្រាបថា សម្រាប់មហាសន្និបាតលើកទី៧៣ របស់អង្គការសហប្រជាជាតិ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូល រួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(UN) និងកិច្ចប្រជុំពាក់ ព័ន្ធផ្សេងទៀត ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេ រិកផងដែរ។
លោក មាជ សុវណ្ណារ៉ា បានជាប់ពន្ធនាគារអស់រយៈពេលជិត៤ឆ្នាំ ពាក់ព័ន្ធធ្វើកូដកម្ម នៅទីលានប្រជាធិបតេយ្យ ក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ហើយត្រូវបានតុលាការដោះលែង កាលពីរាត្រីថ្ងៃទី២៨ សីហា ២០១៨។ បន្ទាប់មកលោកក៏បានសាងផ្នួសនៅវត្តដំណាក់ ក្នុងទឹកដីខេត្តសៀមរាប នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។ គោលដៅសាងផ្នួសរបស់លោកដើម្បីបិណ្ឌបាត បញ្ចប់ហិង្សានយោបាយ បញ្ច្រៀបមេត្តាធម៌ បញ្ឈប់វប្បធម៌គំរាមសម្លាប់-ចាប់ដាក់គុក និងរត់ចោលស្រុកជាដើម៕