header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា នៅចុងឆ្នាំ២០១៨នេះ ជនជាតិចិន នឹងមកកម្ពុជា ប្រមាណជាង៥ម៉ឺននាក់ ដើម្បីប្រកបអាជីវកម្មផ្សេងៗ ខណៈកម្ពុជា មានថៅកែចិន កំពុងសាងសង់អគារធំៗជាច្រើន ហើយគោលដៅសំខាន់ៗ ដែលចិន ឆ្ពោះមកនោះ គឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយនាយនគរបាលជាន់ខ្ពស់ និងអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក សុខ ផល បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ចិន នៅកម្ពុជា ជាង១០ម៉ឺននាក់ ក៏ប៉ុន្ដែឆមាសទី២ ឆ្នាំ២០១៨ ចិន បានកើនឡើងដល់២១ម៉ឺននាក់ ក្នុងចំណោម២១ម៉ឺននាក់នោះ ខេត្តព្រះសីហនុ មានជនជាតិចិន ជាង៨ម៉ឺននាក់ ខណៈចិន មានប័ណ្ណការងារនៅខេត្តព្រះសីហនុ តែជាង២ម៉ឺននាក់។

នាយឧត្តមសេនីយ៍ សុខ ផល ថ្លែងបែបនេះថា “ពីនេះទៅដល់ដាច់ឆ្នាំ២០១៨ គឺអ្នកធ្វើមុខរបរ៥ម៉ឺននាក់ទៀត នឹងមកដល់កម្ពុជា (ជនជាតិចិន) ចឹងត្រៀមខ្លួនឲ្យហើយទៅ៥ម៉ឺននាក់ទៀត ចែកទៅកំពង់សោម ៥០ភាគរយ។ កំពងសោម គិតទៅ១០ម៉ឺននាក់បាត់ គាត់មានផែនការច្បាស់លាស់ណាស់ ព្រោះសំណង់ឥឡូវកំពុងធ្វើច្រើន គឺសំណង់អនឡាញ”

លោកបន្ដថា គោលដៅសំខាន់ៗចំនួន៣ នៅកម្ពុជា រួមមាន ទី១-ភ្នំពេញ, ទី២-ខេត្តសៀមរាប និងទី៣-ខេត្តព្រះសីហនុ ដែលជាគោលដៅរបស់ចិន ក្នុងការវិយោគ។ ដូច្នេះគោលដៅទាំងនេះ ប្រសិនបើជនជាតិចិន ណាមួយប្រព្រឹត្តខុសទៅនឹងច្បាប់របស់កម្ពុជា គឺដឹកតាមយន្ដហោះទៅប្រទេសចិន ភ្លាមៗតែម្តង។

ជាមួយគ្នានេះដែរ លោក សុខ ផល បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ ត្រូវការអ្នកវិនិយោគមកកម្ពុជាច្រើន ដើម្បីបង្កើនការងារឲ្យប្រជាពលរដ្ឋ ពិសេសធ្វើឲ្យកម្ពុជា មានការរីកចម្រើនកាន់តែខ្លាំងក្លា។

ចំណែក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលទើបទទួលតំណែងថ្មីៗ ក៏បានសន្យាធានាដល់ការគ្រប់គ្រងឲ្យបានច្បាស់លាស់ ក្នុងការចេញ-ចូលនូវជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ទាំងអស់ មិនថា តាមព្រំដែនទឹក និងគោកនោះឡើយ ខណៈក្រសួងមហាផ្ទៃ អំពាវនាវឲ្យនគរបាលអន្តោប្រវេសន៍ មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិន ខុសច្បាប់មួយចំនួន នៅខេត្តព្រះសីហនុ។

បើយោងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសចិន នឹងក្លាយជាប្រទេសដែលនឹងទទួលទេសចរអន្តរជាតិច្រើនជាងគេ និងមានភ្ញៀវទេសចរចេញទៅក្រៅប្រទេសច្រើនជាងគេ នៅលើពិភពលោក គឺប្រមាណ២០០លាននាក់ នៅឆ្នាំ២០២០។ ក្នុងនោះ ភ្ញៀវទេសចរចិន នឹងចំណាយប្រាក់៤២០ប៊ីលានដុល្លារ។

សូមរំឭកថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នឹងកើនឡើងដល់៦,០០០លានដុល្លារ នៅឆ្នាំ២០២០ ខណៈកម្ពុជា មានមហិច្ឆតាចង់ស្រូបយកទេសចរចិន ឲ្យបានដល់១លាននាក់ កាលឆ្នាំ២០១៧ នឹងឈានដល់២លាននាក់ នៅឆ្នាំ២០២០៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post