header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងពិធីផ្លូវការផ្សេងៗទៀត ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ 

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ។

ក្នុងឱកាសនោះផងដែរ អាស្រ័យដោយស្ថានភាពអាកាសធាតុ ជាពិសេសរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងខេត្តស្វាយរៀង មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ទីរពាក់ព័ន្ធ និងអភិបាលក្រុងស្រុកទាំងអស់ ត្រូវបន្តតាមដានអំពីបច្ចុប្បន្នភាពនៃស្ថានភាពអាកាសធាតុ ស្ថានភាពកម្ពស់ទឹក ទ្វារទឹក និងទំនប់បង្ហៀរនានាក្នុងខេត្ត និងស្ថានភាពនៃការបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសឲ្យបានជាអតិបរិមានូវការជន់លិច និងការខូចខាតផលដំណាំ ព្រមទាំងត្រូវរៀបចំទីទួលសុវត្ថិភាព និងត្រៀមឲ្យបានស្រេចបាច់ជាមុននូវវិធានការសរុប កម្លាំងសរុប សម្រាប់ជួយអន្តរាគមន៍នៅពេលមានការជន់លិចផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ

សូមបញ្ជាក់ថាពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ឆ្នាំនេះ គ្រោងនឹងរៀបចំនៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ ហើយដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅបានរលូន ល្អប្រសើរ បង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការ ចំនួន ១ អមដោយអនុគណៈកម្មការចំនួន ៧ផ្សេងទៀតជាជំនួយការ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post