header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសជនជាតិចិន​ម្នាក់ ក្នុងល្បឿនយ៉ាងលឿន បានរេចង្តូតទៅបុកទ្រូងផ្លូវពេញទំហឹងបាក់អស់១កង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ​ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ អ្នកបើកបររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយជនជាតិចិននេះ កើត​ឡើងនៅវេលាម៉ោង១២:៤០នាទី រំលងអធ្រាត្រ​ ឈានចូលថ្ងៃ​សៅរ៍ ទី២២ ខែកញ្ញា​ ឆ្នាំ២០១៨ (ត្រង់ចំណុចមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​) តាមបណ្ដោយ​ផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​​ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍​បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2S-0883 បើកបរដោយបុរស​ជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ មិនដឹងយ៉ាងម៉េច​ ស្រាប់តែជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់១កង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើង​ ដាច់កង់មុខខាងឆ្វេង រងការខូចខាតយ៉ាងដំណំ​ និង​ហូរហៀរ​ប្រេងពេញផ្លូវ រីឯអ្នកបើកបរ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនីតិវិធីផ្លូវច្បាប់។

សូមបញ្ជាក់ថា​ កាលពីពេលថ្មីៗនេះ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខា​លើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមាន ១២ជំពូក និង ៩២មាត្រា​ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អាចពាក់ព័ទ្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ មាត្រាដូចខាងក្រោម ៖

មាត្រា៧៧ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០ ០០០ រៀល (បួនលានរៀល)។

ផ្អែកតាម រដ្ឋធម្មនុញ្ញ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខា ច្បាប់នេះ នឹងចូលជាធរមាន នៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ថ្ងៃ និងចូលជាធរមាន​នៅទូទាំងប្រទេសក្នុងរយៈពេល ២០ថ្ងៃ ដោយច្បាប់ចរាចរណ៍​ថ្មីនេះ កំពុងផ្សព្វផ្សាយឲ្យសាធារណៈជនបានដឹង ចាប់ពីពេលនេះតទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post