header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិកូរ៉េ២នាក់ ជាឪពុកនិងកូន ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងករណីឆបោក និងលួចប្រាក់ពីក្រុមហ៊ុនចិន អស់ប្រាក់ជាង៧លានដុល្លារអាមេរិក។

ជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះ ចូ ស៊ូពិន ( cho so in ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M36107313 ។ ជនសង្ស័យទី២. ឈ្មោះ ចូ សាមហ្សុង ( cho Samsung ) ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុក មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៥ ផ្លូវ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលប្ដឹងជនជាតិកូរ៉េទាំង២នាក់ មានឈ្មោះ ជិន ជីហុង ( Jin zhehong ) ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករ តំណាងឲ្យក្រុមហ៊ុន Shenyang Aiweiou Healfh Products Co ltd មានអាស័យដ្ឋានផ្ទះលេខ២៧ ផ្លូវលេខ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឥឡូវនេះជនសង្ស័យទាំង២នាក់ ឪពុកនិងកូន កំពុងត្រូវបានលោកព្រះរាជអាជ្ញារង សៀង សុខ ធ្វើការសាកសួរនៅឡើយ។

ប្រភពព័ត៌មានពីអយ្យការអមសាលាដំបូង បានឲ្យដឹងថា ចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិន ដែលបានប្ដឹងជនសជាតិកូរ៉េទាំង២នាក់ ពីបទ ឆបោកមានទឹកប្រាក់ ចំនួន២៩២.០៤៥ដុល្លារ ប្រព្រឹត្តទៅកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបទលួចទឹកប្រាក់ ចំនួន៧.២០៥.៨៨២ដុល្លារ ប្រព្រឹត្តក្នុងឆ្នាំ២០១៧ និងបទក្លែងឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ។

ពាក់ព័ន្ធករណីខាងលើនេះ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិន ឈ្មោះ Shenyang ត្រូវការទិញរថយន្តអាមេរិក ស៊េរីទំនើប១គ្រឿង ម៉ាក LINCOLN NAVEGATOR Airforce one ឆ្នាំ២០១៧ ពីក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់ទទួលភ្ញៀវពិសេស ដែលមានតម្លៃទីផ្សារពេលនោះ ៣០០.០០០ដុល្លារ។ ស្រាប់តែពេលនោះ ឈ្មោះ ចូ ស៊ូពិន ដែលជាជំនួយការប្រធានក្រុមហ៊ុន បាននិយាយថា ឪពុករបស់គាត់ឈ្មោះ ចូ សាមហ្សុង មានបទពិសោធក្នុងការទិញ និងនាំចូលរថយន្តក្នុងតម្លៃទាបជាងក្រុមហ៊ុន Tianjing គឺប្រហែលជាតម្លៃ ២២២.០០០ដុល្លារប៉ុណ្ណោះ។

ពេលនោះក្រុមហ៊ុនដែលកុំកាម៉ង់ទិញ បានពន្យល់អំពីលក្ខណៈរថយន្តដែលត្រូវទិញ គឺមានបំពាក់ឧបករណ៍ទំនើប និងកញ្ចក់កោងគ្រាប់កាំភ្លើងបាញ់មិនចូល។ បន្ទាប់មកពួកគេបានឯកភាពគ្នា ហើយក្រុមហ៊ុនបានផ្ទេរប្រាក់ឲ្យចំនួន៨ដង ស្មើនិងទឹកប្រាក់ ចំនួន៣១៤.០០០ដុល្លារ ឲ្យទៅឈ្មោះ ចូ ស៊ូពិន និង ឈ្មោះ ចូ សាមហ្សុង។ លុះដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ទើបពួកគេបានយករថយន្តជជុះមួយគ្រឿង មានភិនភាគប្រហាក់ប្រហែលនិងរថយន្តដែលក្រុមហ៊ុនកាម៉ង់មកឲ្យ ពេលនោះក្រុមហ៊ុនមិនទទួលយកឡើយ ហើយពួកគេក៏បាននិយាយថា នឹងយករថយន្តថ្មីមកឲ្យ ហើយក៏យករថយន្តជជុះនោះទៅវិញបាត់រហូតដល់ពេលនេះ។

មិនតែប៉ុណ្ណោះ នៅពេលឈ្មោះ ចូ ស៊ូពិន ធ្វើជាជំនួយការរបស់នាយកក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយឈ្មោះ ចូ សាមហ្សុង ជាឪពុក បានលួចដកសាច់ប្រាក់សុទ្ធរបស់ក្រុមហ៊ុនអស់ ចំនួន៧ ២០៥ ៨៨២ដុល្លារទៀត ហើយរត់ទៅប្រទេសកូរ៉េវិញបាត់ ទើបតែថ្មីៗនេះ បុរសជនជាតិកូរ៉េទាំង២នាក់ បានមករស់នៅប្រទេសកម្ពុជាវិញ ដោយទិញខុនដូររស់នៅ និងទិញរថយន្តម៉ាក RANGE ROVOER ពាក់ស្លាកលេខ ខ.ម មានអង្គរក្សការពារទៀត ទើបក្រុមហ៊ុនដែលរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post