កំពង់ស្ពឺៈ រឿងរ៉ាវទំនាស់ដីធ្លីមួយកន្លែងយូរឆ្នាំណាស់មកហើយ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់ម្ចាស់ដីរងគ្រោះ ឈ្មោះ ហង់ សារ៉ន ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះស្វាយហៃ អាយុ៤៥ឆ្នាំ បានឲ្យអ្នកយកព័ត៌មានឲ្យដឹងថា មុនដំបូងមិនពាក់ព័ន្ធរឿងដីធ្លីនោះទេ គឺប្រពន្ធរបស់ម្ចាស់ដីបានទៅចងការលុយពីឈ្មោះ ផង់ ម៉ាក់លីន ភេទប្រុស អាយុ៦១ឆ្នាំ (អតីតយោធិនពិការជើងខាងឆ្វេងម្ខាងចំនួនទឹកប្រាក់១៥០ដុល្លារ(150$) ហើលពេលនោះប្ដីប្រពន្ធរបស់គាត់បានឈ្លោះប្រកែកគ្នា ប្ដីបានទៅរកស៊ីនៅខេត្តបាត់ដំបងបាត់រយៈពេល៣ខែ ប្រពន្ធមានការខ្វះខាត ក្នុងគ្រួសារបានទៅចងការបន្ថែមចំនួន១៥០ដុល្លារទៀត គ្រប់៣០០ដុល្លារ ដល់ទុកយូរទៅគិតលុយ ដើមនិងលុយការឡើងខ្ពស់ ក៏ពិភាក្សាជាមួយប្ដីប្រពន្ធថា យកដីទៅបញ្ចាំឲ្យឈ្មោះ ផង់ ម៉ាក់លីន សរុប១៣០០ដុល្លារ (មួយពាន់បីរយដុល្លារ) ដល់រកលុយបានកាលណាយកលុយមកលោះប្លង់ដីមកវិញ កាលឆ្នាំ២០០៥ ដល់រកលុយបាន ថ្ងៃមួយស្រាប់តែគាត់បានឃើញឈ្មោះ ផង់ ម៉ាក់លីន ជិះម៉ូតូកាត់មុខផ្ទះរបស់គាត់បានស្រែកហៅឈប់សួរនាំថា បងខ្ញុំមានលុយលោះប្លង់ដីខ្ញុំវិញ ហើយម្ចាស់លុយបានឆ្លើយថា លោះប្លង់ដីទៅវិញឲ្យអញប៉ុន្មាន ម្ចាស់ដីថា ឲ្យ១៥០០ដុល្លារវិញ ប៉ុន្តែម្ចាស់លុយបដិសេធថា គេឲ្យ២០០០ដុល្លារ ហើយមិនមើលលុយផងនិយាយដូចទិញគេ ដាច់អ៊ីចឹង។ ម្ចាស់ដីកើតការសង្ស័យថា ដីនេះខ្ញុំបញ្ចាំបងឯងតើម្ដេចបានជាបងឯងដូចដាក់លក់អ៊ីចឹង ហើយក៏បានឈ្លោះប្រកែកគ្នាប្ដឹងផ្ដល់គ្នាដល់ភូមិមេភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន រហូតដល់សាលាដំបូង ខេត្តកំពង់ស្ពឺ ប៉ុន្តែមិនទាន់បានដឹងថា ខាងណាឈ្នះក្ដី ខាងណាចាញ់ក្ដីនោះនៅឡើយទេ ម្ចាស់លុយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរភូមិមូលដ្ឋាន សង្កាត់ក្រុង រហូតដល់តុលាការហើយភាគីម្ចាស់ដីមិនព្រមឲ្យដីដដែល។

បើតាមសម្តីរបស់លោក ផង់ ម៉ាក់លីន អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិថ្មីសង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ លោកបានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីឲ្យជួយរកយុត្តិធម៌ ក្បាលដីលេខ២៣៥ ទទឹង១២ម៉ែត្រ បណ្តោយ១០០ម៉ែត្រ តម្លៃ១៣០០ដុល្លារអាមេរិក។
ដោយឡែកលោក ហង់ សារ៉ន អាយុ៤៨ឆ្នាំ ជាម្ចាស់ដី បាននិយាយថា ដីរបស់លោកមិនបានលក់ឲ្យអ្នកណានោះទេ ដំបូងឡើយប្រពន្ធរបស់លោក បានទៅខ្ចីលុយរបស់ឈ្មោះ ផង់ ម៉ាក់លីន ចំនួន១៥០ដុល្លារ ក្រោយមកខ្ចីបន្ថែមចំនួន១៥០ដុល្លារ សរុប៣០០ដុល្លារ ដើម្បីយកមកផ្គត់ផ្គង់ក្រុមគ្រួសារ ហើយការប្រាក់ចេះតែឡើងរហូតដល់ខ្ទង់ពាន់ដុល្លារ មិនមានលទ្ធភាពសងនោះទេ ក៏បានធ្វើកិច្ចសន្យាបញ្ចាំដី ក្បាល១២ម៉ែត្របណ្តោយ១០០ម៉ែត្រ បើមានលុយថ្ងៃណាមកលោះទៅវិញ ស្រាប់តែរូបលោកមានលុយហើយ ហៅឲ្យឈ្មោះ ផង់ ម៉ាក់លីន មកយកលុយចំនួន១៥០០ដុល្លារ ស្រាប់តែឈ្មោ ម៉ាក់លីន និយាយថា គេឲ្យ២០០០ដុល្លារ អញមិនទាន់លក់ផង ក៏ស្រាប់តែមានរឿងរហូតមកដល់ពេលនេះទៅ។

លោកបន្តទៀតថា ដីខាងលើនោះរូបលោកនិងប្រពន្ធមិនបានធ្វើការលក់ ឬផ្តិតមេដៃម្តងណាឡើយ រឿងលក់ដីនោះ គឺជាការរៀបចំពីណាមក ក៏លោកមិនដឹងដែរ ក្នុងនាមលោកជាម្ចាស់ដីនិងជាប្រជាពលរដ្ឋមួយរូប ដែលត្រូវបានគេលួចបន្លំ យកស្នាមមេដៃនោះ សូមឲ្យថ្នាក់លើមេត្តាជួយរកយុត្តិធម៌ផង។
ជុំវិញរឿងនេះ អ្នកយកព័ត៌មានមិនអាចបែងចែកវែកញែករកខុសត្រូវលើបញ្ហាខាងលើនេះបានទេ ទុកភារៈខាងលើនេះ ទុកឲ្យទស្សនិកជនពិចារណា និងអស់លោកជាអ្នកចេះច្បាប់ធ្វើការស្រាវជ្រាវ និងស្វែងយល់រកយុត្តិធម៌ណាមួយជូនពួកគាត់ ដែលមានទំនាស់គ្នានេះផង៕
