រិទ្ធី

ក្រសួង​អប់រំ យុវជន និង​កីឡា បានអះអាងប្រាប់ដល់​សាធារណជន​ថា ដំណើរការ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​គ្រប់​កម្រិត ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។ យោងតាមសេចក្ដី​ប្រកាស​ព័ត៌មានចុះថ្ងៃទី០២ តុលា ឆ្នាំ២០១៨ របស់ក្រសួង​អប់រំ យុវជន និង​កីឡា។

សេចក្ដី​ប្រកាស​ព័ត៌មានដដែលបានលើកឡើងថា៖ នាពេលថ្មីៗនេះ មានការលេចព័ត៌មានថា មានករណីបុគ្គលមួយចំនួនបានដើរសន្យាជួយដល់បេក្ខជនប្រឡងជ្រើសរើសចូលមប្រើជាគ្រូបង្រៀនគ្រប់កម្រិត ឱ្យប្រឡងជាប់ដោយថ្នូរនឹងថវិកាមួយចំនួន។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តម ហង់ ជួន ណារ៉ុន ជារដ្ឋមន្រ្តី ក៏អំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាល និងបេក្ខជនទាំងអស់​កុំ​ចាញ់បោក​ពាក្យ​ភូត​កុហក​របស់​ជន​ឆ្លៀត​ឱកាសណាមួយ ដែល​នាំ​ឱ្យ​ខាតបង់​ថវិកា និង​ទ្រព្យ​សម្បត្តិ​ជា​អសារបង់។ ម្យ៉ាងទៀត ក្រសួងបានអំពាវនាវឱ្យបេក្ខជនទាំងអស់ខិតខំបញ្ចេញសមត្ថភាពនិងគោរតាមបទប្បញ្ញតិនានាក្នុងដំណើរការប្រឡងជ្រើសរើសនេះ។

ជាងនេះទៅទៀត ក្រសួង​សន្យាថានឹង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ខុស​ច្បាប់​ឱ្យ​មក​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន។

ដើម្បីឈានទៅទប់ស្កាត់នូវបាតុភាពមិនប្រក្រតី និងចាត់វិធានការទាន់ពេលវេលាចំពោះជនឆ្លៀតឱកាសណាមួយនោះ ក្រសួងអប់រំស្នើសុំកិច្ចសហការពីមាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់មេត្តាផ្តល់ព័ត៌មាននិងអត្តសញ្ញាណជនប្រព្រឹត្តកំហុសទាំងនោះមកក្រសួងតាមគ្រប់មធ្យោបាយ ដោយក្រសួងធានារក្សាការសម្ងាត់ក្នុងការផ្តល់ព័ត៌មាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor