header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

យោងតាម​សេចក្ដីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាលអាណត្តិទី៦នេះមានគម្រោង​ខ្ចីប្រាក់ប្រមាណ ១ ៩០០​លាន​ដុល្លារ​អាមេរិក ដើម្បី​បំពេញតម្រូវការ​ថវិកា​សម្រាប់​អភិវឌ្ឍន៍​គម្រោង​សាធារណៈ​នានា​ នេះ​ជា​ទំហំ​កំណត់​អតិបរមា សម្រាប់​រដ្ឋាភិបាល​អាច​ខ្ចីពីបរទេស។ ​កត្តា​មួយចំនួនដែលរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ហ៊ានខ្ចីលុយទំហំសាច់ប្រាក់ខាងលើ មាន​៖ តម្រូវការ​អភិវឌ្ឍ​កើនឡើង​ ខ្ចី​សម្រាប់​គម្រោង​ក្នុង​វិស័យ​អាទិភាព ប្រាក់កម្ចី​ទាំងនោះ​មាន​កម្រិត​សម្បទាន​ខ្ពស់ និង​ស្ថានភាព​បំណុល​របស់​កម្ពុជា​បច្ចុប្បន្ន និង​រយៈពេល​មធ្យម​នៅតែមាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប​។

សូមបញ្ជាក់ថាគិត​ត្រឹម​ខែកញ្ញា ​ឆ្នាំ​២០១៨ កម្ពុជា​ជំពាក់​បរទេស ៦,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ចិន​ជា​ម្ចាស់បំណុល​ធំជាងគេ​ ដែល​កាន់​ចំណែក​ដល់​ទៅ ៤៨​ភាគរយ​នៃ​បំណុល​សរុប បន្ទាប់ពីនោះ​គឺ​បំណុល​ពហុភាគី​ដែលមាន​ចំណែក ២៩​ភាគរយ​។​

​គួរបញ្ជាក់ ឆ្នាំ​២០១៩​ខាងមុខនេះ រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិការដ្ឋ​ប្រមាណ ៦,៧​ពាន់​លាន​ដុល្លារ និង​គ្រោង​រក​ចំណូល​ថវិកា​ក្នុងប្រទេស​ចំនួន ៥,២​ពាន់​លាន​ដុល្លារ បើសិនណា​រដ្ឋសភា​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ថវិកា​នោះ​។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះរួមមាន៖​​ ១) សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ២) សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និង៣) បញ្ហាផ្សេង ៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី។ និងសន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីបត្យាប័ន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post