header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង: អយ្យការអមសាលាដំបូង លោក យូរ ទិត្យវឌ្ឃន: ព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង បានចេញដីកាកោះហៅ លោក សំ ឫទ្ធី ភេទប្រុស ជាប្រធានផ្នែករដ្ឋបាលព្រៃឈើរមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចូលទៅកាន់តុលាការនៅព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីសាកសួរ អំពីដំណើររឿង ដែលប្រជាពលរដ្ឋឈ្មោះ វ៉ាន់ រុំ​ បានប្តឹងចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ ជាសាធារណ: និងញុះញង់ ។

សូមរំលឹកថា ប្រជាពលរដ្ឋ ឈ្មោះ វ៉ាន់ រុំ ភេទប្រុស អាយុ ៥១ឆ្នាំ ដែលមានទីលំនៅ នៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស និងលោកមេភូមិថ្នល់កែង ធ្លាប់បានសំណូមពរ ស្នើសុំ អភិបាលខេត្ត និងរដ្ឋមន្ត្រីកសិកម្ម មេត្តាជួយផ្តល់យុត្តិធម៌ ករណីលោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស​ បានចោទប្រកាន់ និងរាយការណ៍ជូនអភិបាលស្រុកទឹកផុស ក្នុងអង្គប្រជុំថាលោកហ៊ុមព័ទ្ធ យកដីក្នុងតំបន់សក្តានុពល សហគមន៍ព្រៃឈើ ខ្សាច់ពូន ឋិតនៅក្នុង ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុសចំនួន១៥ហិចតា ។

លោក វ៉ាន់ រុំ បានបញ្ជាក់ថា បើរកឃើញភស្តុតាងមួយណាថាលោកជាអ្នកលក់ដីព្រៃនៅតំបន់នោះមែន លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់ ។

បើយោងទៅតាមឯកសារមួយច្បាប់ដែល អ្នកសារព័ត៌មាន ទទួលបានឃើញថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨ នៅសាលាស្រុក ទឹកផុស គណៈបញ្ជាការឯកភាពស្រុកទឹកផុស បានប្រជុំបូកសរុបការងារប្រចាំខែ ដែលមានការចូលរួមគ្រប់អង្គភាពរដ្ឋទាំងអស់ក្នុងស្រុក និងបាន ឡើងរាយការណ៍ជូនលោក អភិបាលស្រុក ពីសកម្មភាពការងារប្រចាំខែ ពេលនោះ លោក សំ ឬទ្ធី បានលើកឡើងថា មន្ត្រីរបស់លោក បានចុះស្រាវជ្រាវការកាប់រាន ហ៊ុមព័ទ្ធ នៅក្នុងតំបន់សក្តានុពល សហគមន៍ព្រៃឈើ ខ្សាច់ពូន ឋិតនៅក្នុង ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានបញ្ជាក់ថា មានឈ្មោះ វ៉ាន់ រុំ ភេទប្រុស អាយុ៥១ឆ្នាំ ជាប្រជាពលរដ្ឋ ដែលមានទីលំនៅ នៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស និងលោកមេភូមិថ្នល់កែង ឈ្មោះ ស្វាយ ជ័យ បានរៀបចំឯកសារ ទិញលក់ ដីព្រៃឈើអស់ទំហំប្រមាណ១៥ហិកតា ។

សូមបញ្ជាក់ថា ស្រុកទឹកផុស មានបទល្មើសព្រៃឈើជាច្រើន ហើយជាពិសេសរថយន្តដឹកឈើ (អុស) ខ្នាតយក្ស ដឹកភ្លូកទឹកភ្លូកដី ធ្វើឲ្យខូចខាតផ្លូវ ដែលរាជរដ្ឋាភិបាលខិតខំកសាងជូនប្រជាពលរដ្ឋឲ្យងាយស្រួល ក្នុងការធ្វើដំណើរ តែត្រូវបានខូចខាតខ្ទេចខ្ទីយ៉ាងធ្ងន់ធ្ងរ ដោយមិនមានការបង្ក្រាបពីជំនាញឡើយ ហើយថវិការបស់ជាតិ ត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំទៅលើការជួសជុលផ្លូវនៅក្នុងតំបន់នោះ ។

ជុំវិញករណីខាងលើនេះដែរ មិនអាចសុំការបំភ្លឺបានទេ ពីលោក សំ ឫទ្ធី ដោយសារគ្មានលេខទូរស័ព្ទ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post