
ភ្នំពេញៈ មន្រ្តីអាវុធហត្ថ ដែលបាញ់ប្រហារប្រជាការពារសង្កាត់ឫស្សីកែវម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវកម្លាំងកម្លាំងនគរបាលខណ្ឌឫស្សីកែវកសាងសំណុំរឿង នឹងបញ្ជូនទៅតុលាការនៅថ្ងៃទី១៤ តុលា ស្អែកនេះ។
សូមបញ្ជាក់ថា ប្រជាការពារសង្កាត់ឫស្សីកែវម្នាក់ បានរងការបាញ់ប្រហារជាច្រើនគ្រាប់ពីបុរសម្នាក់ទៀត បណ្តាលឲ្យត្រូវជើងរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង១២៖៥៥នាទីយប់ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្លូវលំលេខ៣៤៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។



ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួន កំពុងតែដេញជនសង្ស័យជិះម៉ូតូ២គ្រឿង ដែលបានបើកគេចពីកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍ខណ្ឌឫស្សីកែវ រហូតដេញតាមមកដល់ផ្លូវលំលេខ៣៤៥ ស្រាប់តែឮសំឡេងកាំភ្លើង ទើបដឹងថា ខ្លួនត្រូវបុរសម្នាក់តាមដេញបាញ់ពីក្រោយ ប្រមាណជា១០គ្រាប់ បណ្ដាលឲ្យចំជើងខាងស្ដាំរងរបួស។


អធិការនគរបាលខណ្ឌឫស្សីកែវ លោក គល់ យី បានបញ្ជាក់ថា បន្ទាប់ពីផ្ទុះអាវុធ កម្លាំងនគរបាលខណ្ឌចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។
លោកអធិការបានបន្តថា ជនបង្កឈ្មោះ ឡាយ អ៊ីងឃីង អាយុ២៧ឆ្នាំ មុខរបរជា មន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស។ ចំណែកជនរងគ្រោះឈ្មោះ លី រតនៈ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦៕




